បន្ទាយមានជ័យ៖
ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ធ្វើឲ្យប៉ះពាល់ផ្ទះរបស់ប្រជាពលរដ្ឋអស់៥៨ខ្នង នៅឃុំចំនួន៣ក្នុងស្រុកម៉ាឡៃ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

លោកវរៈសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន៥៨ខ្នង ក្នុងឃុំចំនួន៣ នៅស្រុកម៉ាឡៃ រងការខូចខាតដោយសារភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់នោះ មានដូចជាឃុំបឹងបេង រងការខូចខាតចំនួន៦ខ្នង ,ឃុំទួលពង្រ រងការខូចខាតចំនួន៥១ខ្នង និងឃុំតាគង់ រងការខូចខាត១ខ្នង។

ក្រោយមេឃភ្លៀង លាយឡំខ្យល់កន្ត្រាក់រួច លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចុះជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ និងជួយជញ្ជូនសម្ភារៈទុកដាក់មិនឲ្យសើមភ្លៀង ហើយជួយធ្វើជម្រកជាបណ្តោះអាសន្នជូនពួកគាត់ផងដែរ។

ហើយនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ក៏បានចុះជួយជួសជុលផ្ទះសំបែងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៥៨ខ្នង ដោយផ្ទះខ្លះរលំទាំងស្រុង ខ្លះប៉ើងដំបូល ធ្លុះជញ្ចាំង និងទ្រេតបាក់ឈើផ្លាន៕

អត្ថបទ៖ប៉ោយប៉ែត

Telegram-Troryorng
Share.