ក្នុងជំនួបតាមប្រព័ន្ធវីដេអូពីចំងាយជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ធ្វើឡើងកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្តយកចិត្តទុកដាក់ចំពោះការពឹងពាក់ពីសំណាក់រដ្ឋាភិបាលអូស្រ្តាលីដែលស្នើសុំជួយនិយាយជាមួយមេដឹកនាំរបបសឹក ពិនិត្យលទ្ធភាពដោះលែងសាស្ត្រាចារ្យជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ ស៊ន ធើននែល។

យោងតាមសេចក្ដីប្រកាសដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅព្រឹកថ្ងៃទី៣ ខែឧសភានេះ ជំនួបដែលបន្តផ្ដោតលើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ាតាមយន្តការអាស៊ាននោះ សម្តេច​តេ​ជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការ​ដោះលែង​អ្នក​ទោសជាង ១ ៦០០នាក់ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់មីយ៉ាន់ម៉ា កាលពីខែមេសា និងបានរំលឹកឡើងវិញអំពីសំណើដែលស្នើសុំដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងសាស្រ្តាចារ្យជនជាតិអូស្ត្រាលី ស៊ន ធើននែល (Sean Turnell)។

នេះមិនមែនជាលើកទីមួយទេ ដែលសម្ដេចតេជោនាយករដ្ឋមន្រ្តី បានលើកឡើងអំពីការស្នើសុំដោះលែងសាស្រ្តាចារ្យអូស្ត្រាលី។ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីដើមខែមករា ឆ្នាំ២០២២នេះ និងក្នុងជំនួបតាមប្រព័ន្ធវីដេអូម្ដងទៀតក្រោយទស្សនកិច្ចនោះ សម្ដេចតែងតែបាននាំយកការពឹងពាក់ពីរដ្ឋាភិបាលអូស្ត្រាលីលើករណីនេះបញ្ជាក់ទៅកាន់នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ុងឡាំង។ បញ្ហានេះក៏ត្រូវបានឯកឧត្តម ប្រាក់ សុខុន ក្នុងឋានៈជាប្រសិតពិសេសប្រធានអាស៊ានបញ្ជាក់ទៅកាន់សមភាគីរបបសឹកផងដែរ។

សូមបញ្ជាក់ថាលោក Sean Turnell សាស្ត្រាចារ្យជនជាតិអូស្ត្រាលីមានជំនាញផ្នែកសេដ្ឋកិច្ច និងមានតួនាទីជាទីប្រឹក្សារ​បស់លោកស្រី អ៊ុង សានស៊ូជី។ លោកត្រូវបានរបបយោធាមីយ៉ាន់ម៉ាចាប់ខ្លួន ក្រោយការធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ក្រោមបទចោទប្រកាន់ពីបទបំពានច្បាប់កិច្ចការសម្ងាត់របស់ប្រទេសជាតិ ដែលអាចទទួលទោសអតិបរមាជាប់ពន្ធនាគារ១៤ ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុស៕

Share.