មហាជនជាហ្វេនអ្នកគាំទ្របានស្គាល់ពីមុខមាត់តារាសម្តែង និងជាកីឡាការិនីគុនល្បុក្កតោ សំ ថារ័ត្ន តាមរយៈភាពយន្តរឿង « Jail Break» និងរឿង«ដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ។ តារាស្រីរូបនេះ បានសាងប្រជាប្រិយភាពរបស់ខ្លួនក្នុងសង្គមសិល្បៈភាពយន្តខ្មែរ និងអន្តរជាតិ តាមរយៈទេពកោសល្យនៃការសម្ដែងក្បាច់គុនបុរាណខ្មែរ។

ពិតមែនហើយ ខុសពីតារាសម្ដែងដទៃដែលនិយមបង្ហាញរូបភាពស្អាតៗនិងសិចស៊ី កញ្ញា សំ ថារ័ត្ន បានប្រើប្រាស់នៅលើបណ្ដាសង្គមហ្វេសប៊ុកក្នុងបង្ហាញមហាជនអ្នកគាំទ្រនូវស្នៀតសំខាន់ៗ និងរបៀបនៃការហ្វឹកហាត់កម្លាំងក្បាច់គុន ដើម្បីលត់ដំរាងកាយឱ្យស្ពឹក ឱ្យកាន់តែខ្លាំងនិងរឹងមាំ។ បើជានិស្ស័យស្រឡាញ់ទៅលើគុនល្បុក្កតោខ្មែរ ប៉ុន្តែ តារាស្រី សំ ថារ័ត្ន ក៏មានពេលខ្លះ គេឃើញមានការតុបតែងខ្លួនបែបនារីទន់ភ្លន់ និងសិចស៊ីផងដែរ។

ជាក់ស្ដែងថ្មីៗនេះ កញ្ញា សំ ថារ័ត្ន បានបង្ហោះរូបភាពមួយសន្លឹក ដែលប្រាប់មហាជនអ្នកគាំទ្រថា ជារូបភាពផ្ញើឱ្យអ្នកម្ដាយជាស្រឡាញ់ ព្រោះខ្លាម្ដាយភ្លេចថាមានកូនស្រី។ កញ្ញា សំ ថារ័ត្ន បានរៀបរាប់ថា ៖ «មួយបុស្តិ៍នេះអត់ផ្ញើអោយអិច អោយក្រាសណាទាំងអស់! គឺផ្ញើជូនអ្នកម្ដាយទុកមើល អោយគាត់ចាំថាកូនគាត់នេះជាកូនស្រីទេ ..។ 😁»។

ដោយឡែកកាលពីថ្ងៃទី ២ ឧសភា កន្លងទៅនេះ កញ្ញា សំ ថារ័ត្ន ក៏បង្ហាញពីក្ដីស្រឡាញ់របស់ខ្លួនចំពោះម្ដាយ និងបានធ្វើបុណ្យក្នុងថ្ងៃកំណើតរបស់ម្ដាយខ្លួនថែមទៀតផង។ ហ្វេនបានពោលសរសើរថា កញ្ញា សំ ថារ័ត្ន ជាកូនស្រីដែលស្រឡាញ់ម្ដាយ និងជាកូនកត្តញ្ញូចំពោះម្ដាយផងដែរ៕

Share.