កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២២នេះ ជនសង្ស័យជាស្ត្រីហាយសូ និងជា ជា CEO ក្រុមហ៊ុន Pich Sunshine Realty និង CEO PREMIUM MALL ដែលឈ្មោះ ពេជ្រ ស្រីមុំ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណីចេញសែកស្អុយទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លា។

យោងតាមការរៀបរាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខអាគា Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន(សែកស្អុយ) ទឹកប្រាក់ចំនួន ៧៧៦០០០ដុល្លា តាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។

ជនសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

យ៉ាងណាមិញ អ្វីដែលមហាជនបានភ្ញាក់ផ្អើលនាថ្ងៃម្សិលមិញនេះ ខណៈដែល លោក ផែង វណ្ណៈ បានចូលទៅ Comment នៅក្នុងនោះថា «មុននេះ ពេជ្រ ស្រីមុំ បានទូរស័ព្ទមកខ្ញុំទាំងយប់ ដោយបញ្ជាក់ថា រឿងគាត់បានដោះស្រាយចប់ហើយ ហើយសមត្ថកិច្ចបានដោះលែងគាត់វិញហើយ»។ ការអះអាងបែបនេះ បន្ទាប់ពីលោក ផែង វណ្ណៈ ទទួលទូរស័ព្ទឆ្លងឆ្លើយជាមួយស្ត្រីហាយសូ ពេជ្រ ស្រីមុំ។

ភ្លាមៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកក៏បានទម្លាយឱ្យដឹងដូចថា ជនសង្ស័យជាស្ត្រីហាយសូដែលឈ្មោះ ពេជ្រ ស្រីមុំ ក៏ជាតារា TikTok ឈ្មោះថា @Pich’CEO និងជាបុគ្គលជោគជ័យ ដែលធ្លាប់បានបង្ហាញមុខជាដៃគូយ៉ាងស្និទ្ធស្នាលជាមួយលោក ប៊ុន ផាក ដែលមហាជនឱ្យឈ្មោះថា «បុគ្គលជោគជ័យជនទី៣» ។

រហូតដល់ថ្ងៃទី ៥ ខែឧសភានេះ គេស្រាប់តែឃើញលោក ផែង វណ្ណៈ បានលើកឡើងថា «ចប់ហ្មង​នៅក្នុង​បន្ទប់​ឃុំឃាំង​ហើយនៅបោក​ ផែង​ វណ្ណៈ​ បានទៀត​ អស្ចារ្យ​ហ្មង​ នាង​ ហាយសូ​ ពេជ្រ​ ស្រីមុំ​ យប់​ម៉ិញ​នាងទូរស័ព្ទប្រាប់ខ្ញុំ​ថាដោះស្រាយចប់ហើយ នាងចេញ​វិញហើយ​ ហើយបានសុំអោយខ្ញុំលុប​ព័ត៌មាន​ពាក់ព័ន្ធ​នាងចេញ​ ខ្ញុំ​មិនលុប ។ មុននេះ​ខ្ញុំ​បញ្ជាក់​ខាង​នគរបាល​ នគរបាល​ថា​កំពុង​នៅ​ឃុំខ្លួន​នៅឡើយ​កុំជឿនាង ។ សរុប​សេចក្ដី​មក​គិតមកត្រឹមម៉ោង​ ៨:១៣​ នាទី​ ព្រឹក​ថ្ងៃទី​ ៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ នេះ​ នាង​ ហាយសូ​ ពេជ្រ​ ស្រីមុំ​ កំពុង​ជាប់​ឃុំនៅ​កន្លែង​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ​» ៕

Share.