កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ម្ចាស់មេដាយមាស Pan Jiu Jitsu 2022 ឬ Brazilian Jiu-Jitsu Pan American Championship 2022 បានធ្វើដំណើរមកដល់កម្ពុជានៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ដើម្បីត្រៀមចេញទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម។

ខាន់ ចេសា លើកឡើងដូច្នេះថា៖«ខ្ញុំពិតជាសប្បាយ​ចិត្ត​ខ្លាំងណាស់ដែលបានមកទីនេះ(កម្ពុជា)​ ហើយក៏អរគុណចំពោះការគាំទ្រ ខ្ញុំតែងតែត្រៀមខ្លួនរួចរាល់ជានិច្ច ជាពិសេសការចូលរួមប្រកួតតំណាងកម្ពុជា ជាលើកទី៣ និងជាលើកទី២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បន្ទាប់ពីឈ្នះមេដាយមាសនៅហ្វីលីពីន​ កាលពីឆ្នាំ២០១៩»។

គួរដឹងថា ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។

អ្វីដែលគួរឲ្យកោតសរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕

Share.