ភ្នំពេញ៖ ទុស្សេខ្សែភ្លើងឆេះខ្សែកាបផ្អើលសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យទាំងកណ្ដាលរាត្រី កាលពីវេលាម៉ោង 1:30 រំលងអធ្រាត្រឈានចូលថ្ងៃទី 6 ខែឧសភា ឆ្នាំ 2022 តាមបណ្ដោយផ្លូវ 2002 ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញ មានផ្ទុះសេបែកផ្កាភ្លើង ចេញពីដុំខ្សែកាប នៅតាមបណ្ដោយផ្លូវ 2002 បង្កជាអគ្គិភ័យបែកអណ្ដាតភ្លើង ឆាប់ឆេះដុំខ្សែកាប បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ទៅកាន់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យឲ្យជួយអន្តរាគមន៍។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ គឺបង្កឡើងដោយការផ្ទុះសេខ្សែភ្លើង និងខ្សែកាប ទើបបង្កជាអណ្ដាតភ្លើង ឆាបឆេះផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរខាង តែមិនបណ្តាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

បើតាមការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គិសនីកម្ពុជា បានលើកឡើងថា កន្លងមកធ្លាប់មាន មន្ត្រីអគ្គិសនីកម្ពុជា បានបាត់បង់អាយុជីវិតអស់ពីរបីនាក់ ដោយសារតែច្រឡំខ្សែភ្លើង ជាមួយនឹងខ្សែកាប ពេលទៅតចរន្ដមិនបិទចរន្ដអគ្គិសនី ទើបឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗតែម្ដង។

ក្រោមវិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ ក៏បានដាក់ចេញវិធានការ ដោយធ្វើការកាត់ខ្សែកាបរញ៉េរញ៉ៃទាំងនោះ ទម្លាក់ចុះមកដី នៅតាមបណ្ដោយផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ មានដូចជាផ្លូវព្រះនរោត្តម ផ្លូវព្រះមុនីវង្ស ផ្លូវកម្ពុជាក្រោមជាដើម។ ហើយឲ្យក្រុមហ៊ុនឯកជនទាំងនោះ តខ្សែកាប ខ្សែរអ៊ីនធឺណែត ទៅកាន់លូក្រោមដីវិញ ដើម្បីស្តារសុភ័ណភាពរាជធានីភ្នំពេញ ក៏ដូចជាទប់ស្កាត់ការឆ្លងចរន្តអគ្គិសនី បណ្ដាលមកពីខ្សែកាបរញ៉េរញ៉ៃទាំងនោះ៕

Share.