កំលាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពសុីម៉ាក់​ បានធ្វេីការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ​ AN-M66 (ឬAN-M34) ដែលបានប្រទះឃេីញនៅពេលស្តារកាយល្បាប់បាតទន្លេ​ ស្ថិតនៅទន្លេបួនមុខក្បែរ សណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ​។

លោកហេងរតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន កម្ពុជា (CMAC) បាននិយាយថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 នេះ មានទម្ងន់ជិត១,០០០គីឡូក្រាម​ មានជាតិផ្ទុះជាង៥០០គីឡូក្រាម​ ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់​ ជាគ្រាប់បែកផលិត នៅសហរដ្ឋអាមេរិក​ និងជាសំណល់ពីសង្គ្រាម។ ប្រសិនជាករណីអាក្រក់បំផុតកេីតឡេីង ដោយការផ្ទុះគ្រាប់បែកនេះ​ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ​ លំនៅដ្ឋានប្រជាពលរដ្ឋ​ និងព្រះបរមរាជវាំង​ មិនខានឡេីយ។ «នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា»។ 

តាមទិន្នន័យព័ត៌មានមានគ្រាប់បែកប្រភេទAN-M66 នេះចំនួន១១គ្រាប់​ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។  

លោក ហេង រតនា បានលើកឡើងថា

«សូមអរគុណ ឯកឧត្តមអភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ​ ដែលបានសហការយ៉ាងជិតសិ្នទ្ធជាមួយកំលាំងអង្គភាពសុីម៉ាក់​ ក្នុងការជន្លៀសគ្រាប់បែកដ៍ធំមួយនេះចេញពីទីតាំងរាជធានីភ្នំពេញទៅរកកន្លែងសុវត្ថិភាពដេីម្បីកំលាំងជំនាញអង្គភាពសុីម៉ាក់ធ្វេីការដោះបន្សាប​ ធានាសុខសុវត្ថិភាពជូនសង្គមជាតិយេីង»៕ 

Share.