ភ្នំពេញ ៖ បីនាក់ប្តី ប្រពន្ធនិងកូនស្រី ខណៈដែលចាកចេញទៅរើសអេតចាយបាត់ ស្រាប់តែទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆាបឆេះសម្ភារៈ ឥវ៉ាន់ក្នុងបន្ទប់ជួលអស់ទាំងស្រុង បង្កឲ្យភ្ញាក់ផ្អើល អ្នកភូមិ អាជ្ញាធរ គាស់ទ្វារដងទឹកជះ រហូតដល់កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលលេខ៣១ តាមផ្លូវបេតុង៦០k ក្រុម៦ ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ម្ចាស់បន្ទប់រងគ្រោះ ឈ្មោះ ឃ្លោក ស្រីខួច ភេទស្រី អាយុ២៧ឆ្នាំ មុខរបរដើររើសអេតចាយ មានប្តីឈ្មោះ រឿន គឹមឆាយ អាយុ២៧ឆ្នាំ និងមានកូនស្រី១នាក់ អាយុ៤ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ។

តាមស្ត្រីម្ចាស់បន្ទប់បានឲ្យដឹងថា មុនកើតហេតុ គាត់ ប្តីនិងកូនស្រី ចាក់សោទ្វារផ្ទះ ហើយចាកចេញទៅរើសអេតចាយបាត់ រហូតដល់មានអគ្គិភ័យឆាបឆេះ មានអ្នកក្បែរខាងទូរស័ព្ទប្រាប់ វិលមកវិញ ភ្លើងឆេះសម្ភារៈខាងក្នុងអស់រលីង តែគ្មានអ្វីធំដុំនោះទេ មានតែខោអាវ មុង ភួយ លុយកាក់ក្នុងកូនជ្រូកបន្តិចបន្តួច ក្រៅពីនោះនៅក្នុងផ្ទះសុទ្ធតែគ្រឿងអេតចាយទេ ។

តាមអ្នកភូមិ រស់នៅក្បែរខាងបានឲ្យដឹងថា ផ្ទះជួលមួយល្វែងខាងលើ មាន៥បន្ទប់ ហើយបន្ទប់លេខ៣១ អ្នកស្នាក់នៅ ប្រកបរបរដើររើសអេតចាយ គ្រឿងជ័រ ដែកអេតចាយ យកគរទុកពេញបន្ទប់ ក្រៅបន្ទប់ រហូតដល់ក្លិនស្អុយ ប៉ះពាល់ដល់អ្នកក្បែរខាង ហាក់ដូចជាគ្មានអនាម័យ កន្លងមកធ្លាប់ប្រាប់ម្ចាស់បន្ទប់ដែរ តែមិនរវល់រើចេញ សុទ្ធតែអេតចាយ រហូតដល់កើតមានអគ្គិភ័យឆាបឆេះ នៅតែជាអេតចាយដដែល ។

គ្រោះអគ្គិភ័យខាងលើកើតឡើងភ្លាមៗ បងប្អូនប្រជាពលរដ្ឋក្បែរខាងជួយដងទឹកជះ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង និងការពារផ្ទះ បន្ទប់ក្បែរខាងកុំឲ្យភ្លើងឆេះរាល ៕

Share.