ស្រុកព្រៃនប់៖ ស្រ្តីមានផ្ទៃពោះម្នាក់ត្រូវប្តីយកដំបងឈើវាយ បណ្តាលឲ្យរងរបួសធ្ងន់ រលូតកូនក្នុងផ្ទៃ ហើយស្ត្រីរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ បន្ទាប់ពីសម្រាកព្យាបាលបាន១ថ្ងៃ។

តាមរបាយការណ៍បឋមពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ហិង្សានេះ កើតឡើងកាលពីម៉ោងជាង៩យប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងផ្ទះគ្រួសារនេះផ្ទាល់ ស្ថិតក្នុងភូមិជើងគោ ឃុំជើង​គោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ។

ជន​សង្ស័យជាប្តី ឈ្មោះ យ៉ែម ចិន្តា អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង បានធ្វើសកម្ម​ភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ ត្រូវជាភរិយារបស់ខ្លួន បណ្តាលឲ្យរងរបួស ធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយបានស្លាប់នៅមន្ទីរពេទ្យ នារសៀលថ្ងៃទី១១ឧសភា២០២២។

តាមប្រភពពីអ្នកជិតខាងបានឲ្តដឹងថា គ្រួសារនេះនៅមានកូនតូចនៅក្នុងផ្ទះចំនួន៥នាក់ ប្រុស៣ ស្រី២ អាយុពី ១៥ឆ្នាំចុះក្រោម ក្លាយទៅជាកូនកំព្រា នឹងជួបការលំបាក ដោយសារតែស្ត្រីជាម្តាយបានស្លាប់ ហើយបុរសជាឪពុកកំពុងរត់គេចខ្លួនចេញពីផ្ទះទៀត៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.