ភ្នំពែញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងអេតចាយ មួយកន្លែង ផ្ទះលេខ១៦B ដែលស្ថិតនៅផ្លូវបេតុង ក្រុមទី៣ ភូមិស្លែងរលីង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។

ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះបន្ទប់ស្នាក់នៅចំនួន ៣បន្ទប់ ទំហំ ៣ម៉ែត្រ x ៦ម៉ែត្រ , ឆេះក្រដាសឡាំង និងសម្ភារៈប្រេីប្រាស់មួយចំនួន តែមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ដែលមានទំហំ ១៣ម៉ែត្រ x ២៥ម៉ែត្រ។

អគ្គីភ័យខាងលើនេះបានរលត់ទៅវិញទាំងស្រុងជាស្ថាពរ នៅវេលាម៉ោង ១១ៈ៥៥នាទីនាថ្ងៃដដែល ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន៨គ្រឿង នឹងប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើរនឹង ៣២ម៉ែត្រគូប៕

អត្ថបទ៖សេង សាវី

Share.