មន្រ្តីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃទី ២៣ នេះថា អង្គការសុខភាពពិភពលោកមិនជឿថា ការផ្ទុះឡើងនៃជំងឺអុតស្វានៅតំបន់អាហ្រ្វិក មិនតម្រូវឲ្យមានការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំនោះទេ។

លោក Richard Pebody ដែលដឹកនាំក្រុមភ្នាក់ងារបង្ករោគគំរាមកំហែងខ្ពស់របស់អង្គការ WHO ប្រចាំតំបន់អឺរ៉ុបបាននិយាយថា ការផ្គត់ផ្គង់វ៉ាក់សាំង និង ថ្នាំកម្ចាត់វីរុសនេះភ្លាមៗ មានកម្រិតតិចតួចណាស់។

ការអត្ថាធិប្បាយរបស់លោកបានកើតឡើងនៅពេលដែលមជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺ របស់សហរដ្ឋអាមេរិកនិយាយថា ខ្លួនកំពុងស្ថិតក្នុងដំណើរការបញ្ចេញវ៉ាក់សាំង Jynneos មួយចំនួនសម្រាប់ប្រើប្រាស់នៅក្នុងករណីជំងឺអុតស្វា។

រដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយនាថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះថា ខ្លួនកំពុងវាយតម្លៃជម្រើសសម្រាប់ការចាក់វ៉ាក់សាំង ខណៈចក្រភពអង់គ្លេសក៏ផ្ដល់វ៉ាក់សាំងទៅបុគ្គលិកសុខាភិបាលមួយចំនួនដែរ។

អាជ្ញាធរសុខភាពសាធារណៈនៅអឺរ៉ុប និង អាមេរិកខាងជើង កំពុងស៊ើបអង្កេតករណីសង្ស័យ និង បញ្ជាក់ជាង ១០០ ដែលជាការផ្ទុះធ្ងន់ធ្ងរនៅក្រៅតំបន់អាហ្វ្រិក។

លោក Pebody បាននិយាយថា វិធានការចម្បងដើម្បីគ្រប់គ្រងការផ្ទុះឡើងគឺ ការតាមដានទំនាក់ទំនង និង ការដាក់ឲ្យនៅដាច់ដោយឡែក ដោយកត់សម្គាល់ថា វាមិនមែនជាមេរោគដែលងាយឆ្លងរាលដាលនោះទេ ហើយក៏មិនទាន់បង្កជាជំងឺធ្ងន់ធ្ងរដែរ។ លោកបន្ថែមថា វ៉ាក់សាំងដែលប្រើដើម្បីប្រឆាំងនឹងជំងឺអុតស្វា អាចមានប្រសិទ្ធភាពល្អ។

វាមិនច្បាស់ទេថា អ្វីដែលជំរុញឲ្យមានការផ្ទុះឡើងនោះទេ ដោយក្រុមអ្នកវិទ្យាសាស្រ្តព្យាយាមស្វែងយល់ពីប្រភពដើមនៃករណីកើតឡើង និង ថាតើមេរោគនេះមានបំប្លែងខ្លួនដែរឬទេ។ ប៉ុន្ដែទោះជាយ៉ាងណាអង្គការ WHO បានបញ្ជាក់ថា មិនមានភស្ដុតាងអ្វីមួយដែលបញ្ជាក់ពីការបំប្លែងខ្លួនរបស់វីរុសអុតស្វានោះទេ ដោយមន្រ្តីជាន់ខ្ពស់របស់ទីភ្នាក់ងារពិភពលោកបានកត់សម្គាល់ថា ជំងឺឆ្លងដែលកើតមាននៅអាហ្រ្វិកខាងលិច និង កណ្ដាល មាននិន្នាការមិនប្រែប្រួលទេ៕

ប្រភព៖ CNA

Share.