ស្វាយរៀង៖ ម៉ូតូរបស់កម្មករជាង៤០គ្រឿងត្រូវបានភ្លើងឆាបឆេះ សង្ស័យផ្តើមចេញពីឆ្លងចរន្តភ្លើងចេញពីម៉ូតូណាមួយ ទើបឆេះរាលដាល មួយចំនួនសល់តែគ្រោងដែក។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីរសៀលវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅក្នុងបរិវេណរោងចក្រសុីកូ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ស្ថិតនៅភូមិដើមពោធិ៍ ឃុំ កណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលកម្មករចូលធ្វើការងារអស់ ស្រាប់តែមានផ្សែង ភ្លើងឆេះចេញពីកន្លែងផ្ញើរកង់ ម៉ូតូ សង្ស័យមានឆ្លងចរន្តភ្លើងចេញពីម៉ូតូណាមួយភ្លើងកាន់តែរាល បង្កឲ្យភ្ញាក់ផ្អើល ខ្លះប្រើបំពង់ពន្លត់អគ្គិភ័យ ខ្លះដងទឹកជះ តែមិនបានអាចគ្រប់គ្រងបាន ទើបបណ្តាលឲ្យឆេះរាលអស់ម៉ូតូចំនួន៤១គ្រឿង ក្នុងនោះ៣០គ្រឿង ភ្លើងឆេះអស់ សល់តែគ្រោងដែក និង១១គ្រឿងទៀត រងខូចខាតឆេះដោតអន្លើ។

ករណីអគ្គិភ័យឆេះម៉ូតូរបស់បងប្អូនកម្មកររោងចក្រ ដែលដាក់នៅកន្លែងផ្ញើរ ក្នុងបរិវេញរោងចក្រ សុីកូ នៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយ ហើយសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.