បាត់ដំបង៖ នាំចៅទៅរាវខ្យង តារវល់ទៅបត់ជើងមួយភ្លែត មកវិញចៅចុះលេងទឹកលង់ស្លាប់​។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ១២: ០០នាទីថ្ងៃត្រង់ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ ត្រង់ចំណុចស្រះទឹកមួយកន្លែង ឋិតក្នុងក្រុមទី ១២ ភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

តាមសម្តីជីតាក្មេងប្រុសរងគ្រោះបានឲ្យដឹងថា ចៅប្រុសរងគ្រោះមានឈ្មោះ ណុប ពិសិទ្ធ ភេទប្រុស អាយុ ០៨ ឆ្នាំរស់ភូមិ/ឃុំខាងលើ។​ ហើយនៅថ្ងៃកើតហេតុខ្លួនបាននាំចៅ និងក្មេងៗអ្នកជិតខាង៤ទៅ៥នាក់ទៀត បានទៅរាវខ្យងក្នុងស្រះដើម្បីធ្វើម្ហូប ហើយពេលដែលចុះទឹកនោះ លោកបានឲ្យចៅប្រុសជិះលើ ក រហូត ប៉ុន្តែបានមួយសន្ទុះខ្លួនក៏បានយកចៅឡើងទៅលើកោគវិញសិន ព្រោះខ្លួនរវល់ទៅបត់ជើង បានប្រមាណជា ២០ នាទីក៏ត្រឡប់មកវិញស្រាប់តែមិនឃើញចៅ សង្ស័យក៏ចុះរាវមើលនៅក្នុងទឹកក៏បានប្រទះឃើញចៅប្រុស បានលង់ទឹកស្លាប់បាត់ទៅហើយ។

តាមនគរបាលជំនាញឲ្យដឹងថា ជនរងគ្រោះគឺមិនចេះហែលទឹកទេ ហើយចន្លោះពេលដែលជីតាមិននៅក្បែរ ជនរងគ្រោះបានចុះទៅលេងទឹកតែម្នាក់ឯងទើបបណ្តាលឲ្យលង់ទឹកស្លាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.