ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកក្រណាត់ ខោអាវ របស់រោងចក្រកាត់ដេរសម្លៀកបំពាក់ ជីរី ហ្គាមេន បង្កឲ្យភ្ញាក់ផ្អើល ពលរដ្ឋក្បែរខាង សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង បុរីប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រោងចក្រគ្មានកម្មករធ្វើការងារទេ ហើយខណៈដែលមេឃកំពុងធ្លាក់ភ្លៀង ស្រាប់តែមានផ្សែង ភ្លើងឆេះចេញពីផ្នែកខាងក្រោយ នៃឃ្លាំងស្តុកក្រណាត់ សំឡី ខោអាវ នៃរោងចក្រ បង្កឲ្យភ្ញាក់ផ្អើល កម្មករ សមត្ថកិច្ច ប្រជាពលរដ្ឋ ប្រើប្រាស់ធុង បំពង់ពន្លត់អគ្គិភ័យបាញ់ តែទប់ទល់មិនឈ្នះ ភ្លើងកាន់តែឆេះខ្លាំងឡើងៗ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន១៧គ្រឿងចេញទៅជួយអន្តរាគមន៍ជាបន្តបន្ទាប់ រថយន្តពន្លត់អគ្គិភ័យរបស់អង្គភាពកងសង្គ្រោះ៧១១ កងពលតូចលេខ៧០ រថយន្តរបស់ស្នងការក្រុងភ្នំពេញ ។

តាមអាជ្ញាធរ សមត្ថកិច្ច បានឲ្យដឹងថា ថៅកែរោងចក្រ ឈ្មោះ យាន ជា ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិន។សម្ភារៈខូចខាត ឆេះឥវ៉ាន់ ខោអាវ ក្រណាត់ សំឡី ក្នុងឃ្លាំងស្តុកអស់ជាច្រើន។

ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ កម្លាំងអន្តរាគមន៍បានប្រើពេលជាង១ម៉ោងទើបគ្រប់គ្រងបាន ភ្លើងរលត់ទៅវិញនៅវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២៕

អត្ថបទ៖តាតុង សែនជ័យ

Share.