កំពង់ឆ្នំាង ៖ ក្មេងប្រុស-ស្រី ពីរនាក់បងប្អូនបង្កើត នាំគ្នាចុះបេះឈូកក្នុងបឹងខាងក្រោយផ្ទះ ជាអកុសលលង់ទឹកស្លាប់ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះយ៉ុង វណ្ណី ភេទស្រី អាយុ១២ឆ្នាំ ត្រូវជាបង ចំណែកប្អូនប្រុសឈ្មោះ យ៉ុង បញ្ញា អាយុ៧ឆ្នាំ មានឪពុកឈ្មោះ សុខ ធី និងម្ដាយឈ្មោះ សុខ នី រស់នៅក្នុងភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

ប្រភពដដែលបន្តទៀតថា មុនកើតហេតុកុមាររងគ្រោះទាំង២នាក់បងប្អូន បាននាំគ្នាទៅបេះឈូកជាមួយឪពុក ម្ដាយមីង នៅក្នុងបឹងខាងក្រោយផ្ទះចម្ងាយជាង១០០ម៉ែត្រ ក៏ប៉ុន្តែចុះដើរបេះបែកគ្នា លុះឪពុក ម្តាយមីងបេះបានហើយដើរត្រឡប់មកផ្ទះវិញ មិនឃើញក្មួយៗ ស្រែកហៅក៏មិនឮសូរឆ្លើយ សង្ស័យក្រុមគ្រួសារនាំគ្នាវិលត្រឡប់ដើររាវរកមើល ស្រាប់ប្រទះឃើញ កុមារទាំង២នាក់បងប្អូនស្លាប់ឱបគ្នាក្នុងទឹកទៅវិញ ។



ដោយឃើញសភាពនៃសពក្មេងទាំង២នាក់ ថ្មីពេក មិនអស់ចិត្ត ក្រុមគ្រួសារលើកបីត្រកងយកទៅមណ្ឌលសុខភាព ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់ថា ក្មេងទាំង២ស្លាប់បាត់ទៅហើយ ។

សពក្មេងរងគ្រោះទាំង២នាក់បងប្អូនក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកោសល្យវិច័យរួច ឃើញថាពិតជាស្លាប់ដោយសារលង់ទឹក ទើបប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

Share.