យ៉ាងហោចណាស់មានគោប្រជាកសិករចំនួន៥ក្បាលត្រូវបានបាតុភូទរន្ទះបាញ់ផ្ដាច់យកជីវិតខណៈកំពុងស្ថិតក្នុងចំណងក្រោមដើមឈើ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៣១ ឧសភាម្សិលមិញនេះ នៅស្រុកពួក ខេត្តបន្ទាយមានជ័យ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

អគ្គស្នងការបានស្រង់របាយការណ៍ពីនគរបាលបានស្រុកថ្មពួកថានៅវេលាម៉ោង៣និង៤០នាទីរសៀលបំណាច់ខែឧសភា ឆ្នាំ២០២២នេះ នៅភូមិសាស្ត្រស្រុកថ្មពួក មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយខ្សល់និងផ្គររន្ទះយ៉ាងខ្លាំង នៅឃុំចំនួន៤ រួមមានឃុំគំរូ ,ឃុំថ្មពួក,ឃុំភូមិថ្មី និងឃុំគោកកឋិន ។

តាមការបំភ្លឺពីម្ចាស់សត្វគោនៅមុនពេលកើតហេតុពួកគេបានយកគោទៅចងឲ្យស៊ីស្មៅនៅខាងលិចភូមិ ហើយនៅពេលឃើញមេក្តៅខ្លាំងក៏យកគោទាំងនោះទៅចងក្រោមដើមឈើ ប៉ុន្តែក្រោយមកក៏មានភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយខ្យល់ និងផ្គររន្ទះ បានបាញ់គោងាប់៥ក្បាលតែម្តង។

ទាក់ទិននឹងមានបាតុភូមិដ៏អាក្រក់នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នេះជារដូវ​វស្សាបើទៅធ្វើស្រែ ចម្ការ ឃើញមេឃរកកលនឹងភ្លៀង ត្រូវរត់រកទីកន្លែងដែលមានសុវត្ថិភាព ព្រោះមានភ្លៀងភាគច្រើនគឺលាយឡំជាមួយខ្សល់និងផ្គររន្ទះ ៕ 

Share.