យុវជន ប៉ឹង ពេជ្រ ហៅឌឿន ក្នុងស្ថានភាពដៃជាប់ខ្នោះនៅកន្លែងសមត្ថកិច្ច បានអង្គុយបទជើងសំពះសុំខមាលទោសពីអ្នកមានគុណទាំងពីរ បន្ទាប់ពីរូបគេត្រូវសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅមួយថ្ងៃក្រោយការកើតមានជម្លោះក្នុងគ្រួសាររហូតវាយឪពុកដួលបាស់ជើងទៅលើគ្រែក្រោមផ្ទះ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

តាមរយៈវីដេអូមួយនាទីកន្លះបង្ហោះផ្សាយដោយស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ គេឃើញលោក ប៊ុត ឌៀប ត្រូវជាឪពុកជនបង្ក រួមទាំងភរិយាផង បានអង្គុយលើកៅអីទន្ទឹមគ្នានៅចំពោះមុខកូនដែលប្រុសស្លៀកខោខ្លីអង្គុយបទជើងលើឥដ្ឋលើកដៃសំពះទាំងជាប់ខ្នោះ។

ក្នុងវីដេអូនោះ គេបានលឺឪពុកជនបង្កនិយាយអប់រំណែនាំ និងលើកទឹកចិត្តកូន ខណៈម្ដាយបានបន្ទរដោយវាចារថា«កែប្រែណាកូនណា…»។ ខណៈកូនប្រុសលើកដៃសំពះជាប់រហូត ដោយមានសមត្ថកិច្ចក្បែរផងនោះ លោក ប៊ុត ឌឿប បានណែនាំកូនឱ្យកាត់សក់ឱ្យស្អាត ឈប់ប្រើប្រាស់គ្រឿងញៀន និងសេពគប់មិត្តមិនល្អ។

គួររម្លឹកថាក្រោយកើតហេតុ និងមានការបង្ហោះវីដេអូវាយតប់រវាងឪពុក និងកូននោះ សមត្ថកិច្ចបានចុះនាំខ្លួនជនបង្កមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាទីនៅយប់ថ្ងៃទី៣១ឧសភាម្សិលមិញ។ ឪពុកម្តាយ និងសាច់ញាតិបានសុំមិនប្តឹងផ្តល់ទេ ដោយស្នើសមត្ថកិច្ចយកជនបង្កបញ្ជូនទៅមណ្ឌលអប់រំកែប្រែ និងបន្សាបគ្រឿងញៀនដោយខ្លួនឯង។

ក្រោយស្រាវជ្រាវលម្អិត និងពិនិត្យឃើញថាករណីហិង្សាខាងលើ មិនបានបង្កឱ្យមានរបួសស្នាមធ្ងន់ធ្ងរ និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ព្រមទាំងមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សមត្ថកិច្ចក៏បានយល់ព្រមតាមសំណើរក្រុមគ្រួសារ។

ស្នងការដ្ឋាននគរបាលខេត្តតាកែវបានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានអនុញ្ញាតឱ្យអាណាព្យាបាលធានាឈ្មោះ ប៉ឹង ពេជ្រ ហៅឌឿន យកទៅអប់រំនៅមណ្ឌលអប់រំ កែប្រែ និងបន្សាបគ្រឿងញៀន ដោយមានការបំពេញសំណុំបែបបទ និងកិច្ចសន្យាលាយលក្ខអក្សរជាលើកទីមួយ ហើយក្នុងករណីថ្ងៃក្រោយមិនរៀងចាលសមត្ថកិច្ចនិងអនុវត្តតាមវិធានការច្បាប់៕

Share.