យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឲ្យដឹងថាលោក Fábio Magrão គ្រូបង្វឹកនៃក្រុមជម្រើសជាតិទីម័រខាងកើត បានបញ្ជាក់ថា លោករំពឹងថា កម្ពុជានឹងលេងដាក់សម្ពាធមកលើក្រុមរបស់ខ្លួន ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ប៉ុន្តែបានខុសពីការគិតរបស់លោក។

ក្នុងការប្រកួតនេះ ទីម័រខាងកើត បានគ្រប់គ្រងបាល់ច្រើនជាងកម្ពុជា ស្ទើរតែទាំង ២វគ្គ និងជាពិសេសទៅទៀត មានឱកាសទាត់ចូលកម្ពុជាមុន នៅនាទី២១ ដោយកីឡាករចំណូលថ្មីរបស់អង្គរថាយហ្គឺរ Mouzinho Barreto de Lima។

ក្រោយមកទៀត ទើបកម្ពុជារកគ្រាប់បាល់តាមស្មើដោយកីឡាករ កែវ សុខផេង នៅនាទី៣៩ ខណៈនៅវគ្គទី២ ទីម័រខាងកើត ក៏គ្រប់គ្រងបាល់បានច្រើនដូចគ្នា ប៉ុន្តែចុងក្រោយ កម្ពុជាបានទាត់ចូលគ្រាប់បាល់ជ័យជម្នះនៅនាទី៨៤ ដោយកីឡាករ ជួន ចាន់ចាវ នាំឲ្យលទ្ធផលផ្លូវការគឺកម្ពុជា ២ ទីម័រខាងកើត ១។

ថ្លែងក្រោយចប់ការប្រកួត លោក Fábio Magrão បាននិយាយដូច្នេះថា៖«អ្វីដែលខ្ញុំចង់និយាយនេះ គឺជាការប្រកួតដ៏ល្អ ការប្រកួតដែលមានភាពទាក់ទាញ ដែលយើងខ្ញុំអបអរដល់ក្រុមរបស់ខ្ញុំ ទោះបីយើងចាញ់ក៏ដោយ។ របៀបដែលយើងលេង គឺប្រៀបដូចជាយើងកំពុងលេងក្នុងដីរបស់ខ្លួន។

យើងគ្រប់គ្រងការប្រកួតស្ទើរតែទាំងអស់ ហើយយើងក៏ខកខានឱកាសមួយចំនួន ដែលនាំឲ្យយើងរបូតគ្រាប់បាល់ ២គ្រាប់។ វាកើតឡើងដោយសារកំហុសរបស់យើង មិនមែនបង្កើតឡើងដោយកម្ពុជានោះទេ។ តែខ្ញុំរីករាយជាមួយក្រុមរបស់ខ្ញុំ»៕

Share.