អាមេរិក – ថ្វីត្បិតតែអាពាហ៍ពិពាហ៍រវាង Johnny Depp និង Amber Heard មានរយៈពេលខ្លីគឺត្រឹមតែប៉ុន្មានខែ ប៉ុន្តែលោកប្រើពេលវេលារាប់ឆ្នាំប្ដឹងផ្ដល់គ្នាជាមួយនឹងអតីតភរិយាដើម្បីបដិសេធពាក្យចោទប្រកាន់ថាលោកប្រើហិង្សាលើនាង។
ទីបញ្ចប់ការតស៊ូក្ដីដ៏ស្វិតស្វាញរវាងបុគ្គលល្បីក្នុងរង្វង់សិល្បៈហូលីវូដបានបញ្ចប់ជាស្ថាពរហើយនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ បន្ទាប់ពីការតស៊ូក្ដីដែលចាប់ផ្ដើមតាំងពីពាក់កណ្ដាលឆ្នាំ២០១៩ បានបញ្ចប់ជាស្ថាពរក្នុងឆ្នាំ ២០២២នេះ។ តុលាការអាមេរិកបានសម្រេចកាត់ក្ដីឱ្យនាង Amber Heard បង់ប្រាក់ពិន័យសងជំងឺចិត្តចំនួន ១០.៣៥លានដុល្លារ ខណៈដែល Depp ត្រូវចាយលុយឱ្យអតីតភរិយាចំនួន២លានដុល្លារអាមេរិក។
ការពន្យាពេលរឿងក្ដីនេះគឺដោយសារតែអ្នកទាំងពីរសុទ្ធតែជាតារាមានតារាងការងារដ៏មមាញឹក មួយវិញទៀតដោយសារតែ Johnny រវល់ក្នុងបណ្ដឹងដែលលោកបានប្ដឹងកាសែតអង់គ្លេស The Sun ដែលប្រើពាក្យហៅលោកថា «ប្រុសវ៉ៃប្រពន្ធ»។ ក្នុងតុលាការលោកថែមទាំងចោទប្រកាន់ប្រពន្ធថាមានសាហាយជាមួយនឹងមហាសេដ្ឋី Elon Musk និងអ្នកកំប្លែង James Franco។
ទោះជាអតីតមិត្តស្រីរបស់លោកគឺនារីម៉ូដែលបារាំងនាង Vanessa Paradis បានផ្ញើសំបុត្រទៅតុលាការអះអាងថា Johnny Depp មិនមែនជាពពួកប្រើហិង្សាក្ដី ប៉ុន្តែតុលាការអង់គ្លេសនៅតែកាត់ឱ្យលោកចាញ់កាសែត The Sun ដោយសរុបសេចក្ដីថាលោកពិតជាវាយប្រពន្ធមែន។ ដោយកាលណោះ Depp ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរព្រោះត្រូវគេលុបចោលកុងត្រាថត និងត្រូវសងថ្លៃខូចខាតចំពោះតួអង្គដែលលោកសម្ដែងទៀតផង។
ងាកមកការឈ្នះក្ដីលើអតីតភរិយា Johnny Depp បានសរសេរសារលើហ្វេសប៊ុកលោកថា «៦ឆ្នាំមុន ជីវិតខ្ញុំ ជីវិតកូនរបស់ខ្ញុំ ជីវិតមនុស្សជិតស្និទ្ធនឹងខ្ញុំ មនុស្សដែលជឿជាក់ខ្ញុំបានផ្លាស់ប្ដូរត្រឹមតែមួយប៉ព្រិចភ្នែក…ប៉ុន្តែ៦ឆ្នាំក្រោយចៅក្រមបានផ្ដល់ជីវិតចាស់របស់ខ្ញុំត្រលប់មកវិញ។ ខ្ញុំពិតជាអរគុណណាស់»
នាង Amber Heard បានបោះសម្ដីនៅក្នុងតុលាការថា «នេះគឺជាការដើរថយក្រោយចំពោះការមើលឃើញថាអំពើហិង្សាចំពោះស្ត្រីចាំបាច់គួរតែត្រូវរឹតបន្តឹងឱ្យខ្លាំង» នាងថែមទាំងមានបំណងប្ដឹងឡើងទៅកាន់តុលាការកំពូលថែមទៀតផង៕