គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានសមត្ថកិច្ចក្នុងការធ្វើផែនការរៀបចំ និងចាត់ចែងការបោះឆ្នោតក្នុងទូទាំងប្រទេស ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិពេញលេញ ក្នុងការអនុវត្តសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជាធរមាន បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយលើគេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចូលអាននៅថ្ងៃទី៤ ខែមុថុនា ឆ្នាំ២០២២នេះ ។ ខាងក្រោមគឺជាសំណុចសំខាន់ៗទាំង២៨របស់ គ.ជ.ប ​ពាក់ព័ន្ធនឹងសិទ្ធិ អំណាច ភារកិច្ច និងការទទួលខុសត្រូវរបស់ស្ថាប័នជាតិមួយនេះ។

  1. ចាត់វិធានការគ្រប់រូបភាព ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតាមវិធីជ្រើសរើសឆ្នោត ដោយសម្ងាត់ ។
  2. រៀបចំគម្រោងផែនការការងារ ថវិកា និងសម្ភារបម្រើឱ្យការបោះឆ្នោត និងផ្សព្វផ្សាយប្រតិទិននៃការបោះឆ្នោត ។
  3. តែងតាំងគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត ។
  4. ធ្វើបទបញ្ជា នីតិវិធី និងសេចក្តីណែនាំនានាសម្រាប់ដំណើរការបោះឆ្នោត ក្នុងក្របខ័ណ្ឌនៃច្បាប់ជាធរមាន ។
  5. លើកវិធានការ និងចាត់ចែងការងារ ដើម្បីធានាកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសម័យបោះឆ្នោត ។
  6. ត្រួតពិនិត្យការងាររបស់គណៈកម្មការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។
  7. កំណត់ព្រំដែនការិយាល័យបោះឆ្នោត ។
  8. ចេញសេចក្តីសម្រេចកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ។
  9. ផលិត និងបែងចែកសម្ភារ បរិក្ខារ បម្រើឱ្យការងារបោះឆ្នោត ។
  10. ជ្រើសរើស និងតែងតាំងមន្រ្តីចុះជួយពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ។
  11. រៀបចំបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។
  12. ពិនិត្យ និងផ្តល់សុពលភាព បញ្ជីបោះឆ្នោត ។
  13. ទទួល និងសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ស្របតាមច្បាប់បោះឆ្នោតជាធរមាន ។
  14. គ្រប់គ្រង និងត្រួតពិនិត្យការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោត ។
  15. រៀបចំ និងចាត់ចែងការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផល ។
  16. ដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬផ្តល់សិទ្ធិបោះឆ្នោតឡើងវិញ ។ ចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ឬលុបចេញពីបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ។ លុបបេក្ខភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ឬទទួលស្គាល់បេក្ខភាពឈរឈ្មោះបោះឆ្នោតឡើងវិញ ។
  17. ត្រួតពិនិត្យចំណូល និងចំណាយ ក្នុងរយៈពេលឃោសនាបោះឆ្នោតរបស់បេក្ខជន និងគណបក្សនយោបាយ ។
  18. ចាត់វិធានការ និងសម្របសម្រួល ដើម្បីឱ្យមានការប្រើប្រាស់ប្រព័ន្ធឃោសនាសាធារណៈតាមគោលការណ៍ស្មើភាព និងសមធម៌ ។
  19. ផ្តល់ព័ត៌មាន ទិន្នន័យ និងស្ថិតិអំពីដំណើរការបោះឆ្នោតដល់គណបក្សនយោបាយ និងបេក្ខជន និងទទួលសំណើនានាទាក់ទងនឹងការងារបោះឆ្នោត ។ ធានាឱ្យមានការផ្លាស់ប្តូរព័ត៌មាន និងការសម្របសម្រួលជាប្រចាំ អំពីកិច្ចដំណើរការបោះឆ្នោតរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាមួយគណបក្សនយោបាយ បេក្ខជន និងអ្នកដែលពាក់ព័ន្ធនានា ។
  20. ផលិតឯកសារផ្សព្វផ្សាយ អំពីការងារបោះឆ្នោត ។
  21. លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការងារបោះឆ្នោត តាមរយៈការអប់រំ និងកម្មវិធីផ្សព្វផ្សាយជាសាធារណៈ និងដោយមធ្យោបាយផ្សេងៗទៀត ។
  22. រៀបចំឯកសារ កម្មវិធី និងបណ្តុះបណ្តាលមន្ត្រីទទួលបន្ទុករៀបចំការបោះឆ្នោត ។
  23. ពិនិត្យសម្រេច និងចេញប័ណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ។
  24. ត្រួតពិនិត្យ ដើម្បីធានាភាពត្រឹមត្រូវតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ។
  25. សម្រេចដោយបើកសវនាការជាសាធារណៈលើបណ្ដឹងតវ៉ា ឬបណ្តឹងជំទាស់ទាក់ទងនឹងការបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត លើកលែងតែបណ្តឹងដែលទាក់ទងនឹងសមត្ថកិច្ចរបស់តុលាការ ។
  26. បង្ការ និងត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត ។
  27. រៀបចំគណៈកម្មការដើម្បីបំផ្លាញសន្លឹកឆ្នោត ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តតាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ០៦ (ប្រាំមួយ) ឆ្នាំ និងសន្លឹកឆ្នោតដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ បន្ទាប់ពីបានរក្សាទុកប្រកបដោយសុវត្ថិភាពនូវសន្លឹកឆ្នោតទាំងនោះរយៈពេល ០៣ (បី) ឆ្នាំ ចាប់ពីថ្ងៃបោះឆ្នោតតាមអាណត្តិនីមួយៗ ។ ដំណើរការនៃការបំផ្លាញសន្លឹកឆ្នោតខាងលើនេះ ត្រូវធ្វើឡើងប្រកបដោយលក្ខណៈបើកចំហ និងមានការចូលរួមពីគណបក្សនយោបាយដែលពាក់ព័ន្ធ ។
  28. អនុវត្តការងារដទៃទៀតតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៕
Share.