យោងតាមការចុះផ្សាយរបស់ The Diplomat ទស្សនាវដ្តីព័ត៌មានអនឡាញអន្តរជាតិមួយ ដែលគ្របដណ្តប់លើព័ត៌មាននយោបាយ សង្គម និងវប្បធម៌នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅទីក្រុង Washington, D.C សហរដ្ឋអាមេរិក បានចុះផ្សាយថា លោក វណ្ណ សុខា មានរឿងជាប់ពាក់ពន្ធជាមួយក្លិបបាល់ទាត់ Birmingham City សមាជិកលីគលំដាប់ទី២ របស់ប្រទេសអង់គ្លេស។

ទស្សនាវដ្តី The Diplomat បានចុះផ្សាយថា លោក វណ្ណ សុខា បានលួចលាក់គ្រប់គ្រងភាគហ៊ុនមួយចំនួនរបស់ក្លិប Birmingham City ពោលគឺនៅក្នុងខែធ្នូ ឆ្នាំ២០១៧ លោកបានទិញភាគហ៊ុន ៨.៥២ ភាគរយនៃក្រុមហ៊ុន Birmingham Sports Holdings តាមរយៈក្រុមហ៊ុន British Virgin Islands ដែលមានឈ្មោះថា Dragon Villa Ltd. ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ភាគហ៊ុនរបស់គាត់បានកើនឡើងរហូតដល់ ១២.៨ ភាគរយ។

បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ EFL កំពុងពិនិត្យលើរឿងខាងលើ ប្រសិនបើគេរកឃើញថាក្លិប Birmingham City ពិតជាបានរំលោភលើបទប្បញ្ញត្តិដោយការលាក់បាំងមិនបង្ហាញពីការគ្រប់គ្រងរបស់ លោក វណ្ណ សុខា ចំនួន១២.៨ភាគរយ នៃក្លិបពិតប្រាកដមែន។ នោះក្លិប Birmingham City អាចប្រឈមនឹងការដាក់ទណ្ឌកម្ម៕

Share.