បើទោះបីជាមួយរយៈនេះ តារាចម្រៀងស្រី បាន មុន្នីល័ក្ខ ហាក់ស្ងាត់មិនសូវមានបទចម្រៀងល្បីទាក់ចិត្តយុវវ័យដូចមុន ប៉ុន្តែថ្មីៗនេះ​កញ្ញាទើបតែចេញបទថ្មីដែលមានចំណងជើងថា «ភ្លៀងកុំធ្លាក់ខ្លាំងពេក» កំពុងតែផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម យូធូប និង TikTok។

ការពិតទៅ បទនេះគឺនិពន្ធទំនុកចម្រៀង និងមេឡូឌីដោយលោក រ័ត្ន តាម៉ូ ដែលជាអ្នកនិពន្ធបទល្បីៗដូចជា ចាបយំល្វើយៗ , អាពៅតេតៗ , និងបទ សាក់បេះដូងជាដើម ។ អ្នកនិពន្ធរូបនេះ ត្រូវបានហ្វេនសម្គាល់ឃើញថា លោកមានជំនាញសរសេរបទចម្រៀងបែបកន្ត្រឹម និងមនោសញ្ចេតនាស្រុកស្រែ បានយ៉ាងស៊ីអារម្មណ៍។

លោក រ័ត្ន តាម៉ូ

ដោយឡែកបទចម្រៀង «ភ្លៀងកុំធ្លាក់ខ្លាំងពេក» ក៏បានបញ្ចេញបទប្រុសមុនគេ ដែលបកស្រាយដោយលោក ណារិន ជាតារាចម្រៀងផលិតកម្មថោន តែបទនោះមិនសូវជាមានការចាប់អារម្មណ៍ខ្លាំងប៉ុន្មាន។ លុះបានបង្ហើបពី Version ស្រីដែលបកស្រាយដោយកញ្ញា បាន មុន្នីល័ក្ខ បទនេះក៏ចាប់ផ្ដើមមានសន្ទុះផ្ទុះឡើងវិញ ដោយត្រឹមរយៈពេល ៩ថ្ងៃគឺបានអ្នកទស្សនា និងស្ដាប់បាន 1 M នៅលើយូធូប។

យ៉ាងណាមិញបទ «ភ្លៀងកុំធ្លាក់ខ្លាំងពេក» របស់កញ្ញា បាន មុន្នីល័ក្ខ ក៏ត្រៀមបញ្ចេញជា Audio ពេញឱ្យហ្វេនបានស្ដាប់នាពេលឆាប់ៗខាងមុខនេះក្នុងផលិតកម្មថោន ឬនៅលើយូធូបរបស់ថោន៕

សូមទស្សនាវីដេអូនេះ ៖

Share.