មណ្ឌលគិរី ៖ បុរសម្នាក់បានចាប់បោកកូនប្រុសបង្កើតអាយុ០៣ឆ្នាំ បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី ស្ថិតនៅភូមិស្រែអី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនបង្កមានឈ្មោះ ត្រិ ព្រេត អាយុ២៣ឆ្នាំ ជនជាតិភាគតិច (ព្នង) រស់នៅភូមិស្រែអី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវជាឪពុកបង្កើតរបស់កុមាររងគ្រោះ។

ចំណែកកុមាររងគ្រោះមាន ឈ្មោះ យាប ភេទ ប្រុស អាយុប្រហែល០៣ឆ្នាំ ជនជាតិពូនង (ព្នង) មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវបានឪពុកបង្កើតចាប់បោកនឹងជញ្ជាំងបណ្តាលឲ្យរងរបួស បាក់ដៃ ពកថ្ងាស់ ឈាមច្រមុះ និងបែកមាត់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនសង្ស័យបានផឹកស្រាស្រវឹង ហើយខឹងប្រពន្ធវាយកូន រួចនិយាយប្រាប់ប្រពន្ធថា បើខ្ញុំវាយកូន ខ្ញុំវាយមិនតិចទេ ក្រោយមកជនសង្ស័យ ក៏ចាប់កូនដោយដៃម្ខាងចាប់ជើងទាំង និងដៃម្ខាងទៀតចាប់កកូន រួចបោកទៅនឹងជញ្ជាំង បណ្តាលឲ្យរងរបួស​ បាក់ដៃ ពកថ្ងាស់ ឈាមច្រមុះ និងបែកមាត់តែម្តង។

បច្ចុប្បន្ន ជនដៃដល់ដែលជាឪពុកបង្កើតរបស់កុមារងគ្រោះ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ចតុមុខ

Share.