សៀមរាប ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន បន្ទាប់ពីផ្ទុះហឹង្សាក្នុងគ្រួសារ ទាញពូថៅកាប់លើប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅ ក្នុងភូមិគោកដូង ឃុំកំពង់ស្គូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

បុរសជាប្តីមានឈ្មោះ ទូច សុខា អាយុ៦៣ឆ្នាំ រស់នៅភូមិដូដន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកជនរងគ្រោះជាប្រពន្ធ មានឈ្មោះ លី ហឿន អាយុ៦៩ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ប្តីប្រពន្ធខាងលើរស់នៅមិនចុះសម្រុងគ្នា លែងមុនទាន់ដាច់ស្រេច ស្រាប់តែនៅរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ជនដៃដល់ជាប្តី ទៅរករឿងឈ្លោះ ប្រពន្ធនៅក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង -ខេត្តសៀមរាប ដោយប្តីទាញបានពូថៅកាប់លើស្ត្រីជាប្រពន្ធ របួសនៅត្រង់ក្បាលចំនួន ៤ ពូថៅ ក្នុងនោះ ខាងលើថ្ងាស ២ ពូថៅ និងចំពីលើក្បាល ២ ពូថៅ ហើយត្រូវបានក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ។ ចំណែកជនដៃដល់ ក្រោយធ្វើសកម្មភាព បានជិះម៉ូតូរត់គេច ទាំងដៃកាន់ពូថៅផងនោះ ផ្អើលកម្លាំងអាវុធហត្ថខេត្ត ស្រុក ដេញស្ទាក់ រហូតដល់ស្រុកក្រឡាញ់ទើបចាប់ខ្លួនបាន ។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចនាំយកទៅសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការបន្ត៕

អត្ថបទ៖ តាតុង សែនជ័យ

Share.