អ្នកឧកញ៉ា សុខ គង់ ពេលផ្ដល់បទសម្ភាសន៍ដល់ក្រុមការងារផលិត

អ្នកជំនួយល្បីនៅកម្ពុជា អ្នកឧកញ៉ា សុខ គង់ បានរំលឹកឱ្យដឹងថាកាលពីឆ្នាំ១៩៧៣ លោកបានប្រកបរបរជាច្រើន ដូចជាទិញអង្ករ ក្រណាត់ខ្មៅ សាំង ប្រេង ថ្នាំពេទ្យ និងអំបិលជាដើម។ ក្នុងវីដេអូឯកសារខ្លីមួយបង្ហោះលើទំព័រហ្វេសប៊ុកបណ្ឌិត ងិន បាណាល់ ដែលត្រូវជាកូនប្រសារអ្នកឧកញ៉ា សុខ គង់ ចេញផ្សាយនៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ អ្នកឧកញ៉ាបានរំលឹកថា «ខ្ញុំដូរជ្រូកក្នុង[ប្រេងឬសាំង]ពីរលីត្របានមួយគីឡូជ្រូក ហើយតំបន់វៀតណាមប្រេងវាថោក ជ្រូកលក់បានថ្លៃ»។

បើតាមអ្នកឧកញ៉ា សុខ គង់ មុខរបរយកប្រេងដូរជ្រូករបស់លោកដំណើរការបានតែមួយរយៈប៉ុណ្ណោះក៏ត្រូវជួបបញ្ហាដោយសារលោកត្រូវអាជ្ញាធរវៀតណាមចាប់ឃុំខ្លួន។ «ថាបានមួយជើងទៀតឈប់ហើយ តែចៃដន្យបានមួយជើងប្រហែល២០ជ្រូក ពួកអាខាងខេត្តហ្នឹង ពីដើមខេត្តហ្នឹងមានពីរ មួយខេត្តដុងថាប់ មួយទៀតខេត្តអាងយ៉ាង វាចាប់ខ្ញុំដាក់គុក។ ជ្រូកក៏យកអស់ ស្អីក៏យកអស់ [ជាប់ឃុំ] ចាំដល់ឥលូវ ៧ខែ ២៣ថ្ងៃ»។

ក្នុងកិច្ចសម្ភាសន៍ផលិតដោយក្រុមការងារដឹកនាំដោយកូនប្រសាររបស់ខ្លួននោះ អ្នកជំនួញល្បីលំដាប់កំពូលនៅកម្ពុជារូបនេះ បានឱ្យដឹងថាកាលពីពេលជាប់ឃុំនោះមានបុរសចំណាស់ម្នាក់បានទស្សន៍ទាយថាលោកនឹងក្លាយជាអ្នកមាន«គាត់ទាយថាអ្ហែងតិចទៀតមានហើយ គាត់មើលបាតដៃ។ ខ្ញុំថាបើតាឯងគ្រូទាយពូកែម៉េចជាប់គុកដែរ។ គាត់ថាអញភ្នាល់ជាមួយអ្ហែង អ្ហែងមាន!»។

ដើម្បីជ្រាបច្បាស់សូមប្រិយមិត្តតាមដានទស្សនាវីដេអូ «អាថ៍កំបាំងនៃភាពជោគជ័យរបស់អ្នកឧកញ៉ា សុខ គង់» តាមរយៈតំណរភ្ជាប់ទៅកាន់ទំព័រហ្វេសប៊ុកបណ្ឌិត ងិន បាណាល់ (4) Facebook

Share.