ស្វាយរៀង ៖ បុរសចំណាស់ម្នាក់ ស្រវឹងស្រាដើរទៅដុតផ្ទះកូនឆេះសន្ធោឡើង ចេញមិនរួចស្លាប់ខ្លួនឯង និងម្នាក់ទៀតរងរបួស ហេតុការណ៍នេះកាលពីយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បុរសដែលស្លាប់មានឈ្មោះ ម៉ម យ៉ាវ អាយុ៧២ឆ្នាំ ត្រូវជាឪពុក រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ចំណែកអ្នករងរបួសត្រូវជាបងម្ចាស់ផ្ទះមានឈ្មោះឈួន សារី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅភូមិបឹងអណ្តែង ឃុំតាសួស ស្រុកស្វាយជ្រំ ។

ផ្ទះទទួលរងភ្លើងឆេះអស់ សង់ពីឈើ ប្រក់ស័ង្កសី ទំហំ៧ម៉ែត្រx៨ម៉ែត្រ មានម្ចាស់ឈ្មោះ នឹម និត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកើតហេតុ ។ ចំណែកសម្ភារៈខូចខាតរួមមាន ៖មាស៥ជី, ប្រាក់ដុល្លារ៦០០$, ស្រូវ១៥បាវ, ទូដាក់ខោអាវ១, ប្លង់ដី២, អត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សៀវភៅក២.ក៤និងសម្ភារៈប្រើប្រាស់មួយចំនួនធំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ឪពុករបស់ម្ចាស់ផ្ទះ ជាមនុស្សហូបស្រាជាប្រចាំ ស្រវឹងរាល់ថ្ងៃ យប់ ហើយមុនកើតហេតុ ខណៈដែលកូនប្រុសមិននៅផ្ទះ ឪពុកស្រវឹងស្រា ដើរទៅដុតផ្ទះកូនឆេះខ្ទេច ភ្លើងឆេះសន្ធោឡើង ឪពុកចេញមិនរួច ធ្វើឲ្យភ្លើងឆេះស្លាប់ ទោះជាឈ្មោះ ឈឿន សារី ត្រូវជាបងថ្លៃ ព្យាយាមចូលទៅជួយ តែមិនបានសម្រេច បណ្តាលឲ្យរងរបួស ផ្ទះត្រូវបានភ្លើងឆេះអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.