ភ្នំពេញ៖ អគ្គិភ័យឆេះឃ្លាំងស្តុកទំនិញគ្រឿងអគ្គីសនីមួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួយបាញ់ពន្លត់អស់រយៈពេលជាច្រើនម៉ោង។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងអគ្គីសនីបានកើតឡើងនៅវេលាម៉ោង​ ០៥:០០ នាទីល្ងាច ថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២២ ​ស្ថិត​នៅ​ផ្លូវ៤៤៦ ភូមិ៥ សង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ទីតាំងទី១ ឈ្មោះ វ៉ូ ធីតា ភេទ​ ​ស្រី អាយុ ៣៥​ ឆ្នាំ​ មុខរបរ ម្ចាស់ឃ្លាំង ។ម្ចាស់ទីតាំងទី២ ឈ្មោះ សម្បតិ្ត កល្យាណ អាយុ ៤០​ ឆ្នាំ មុខរបរ ម្ចាស់ឃ្លាំង ។​ អគ្គិភ័យឆាបឆេះប្រភេទសំណង់: ថ្មីប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ​ ខូចខាតសម្ភារៈឆេះគ្រឿងអគ្គិសនីក្នុងឃ្លាំងអស់ទាំងស្រុង ចំពោះ មូលហេតុដែលបណ្ដាលអោយឆាបឆេះសមត្ថកិច្ចកំពុងបន្ត​ការ​ស្រាវជ្រាវ ។

ក្នុងប្រត្តិបត្រការណ៍ពន្លត់អគ្គិភ័យខាងលើកងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បាន​ប្រេី​ប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ២០​ គ្រឿង ប្រើប្រាស់ទឹកអស់ ១០០​ រថយន្ត​ ស្មើរនឹង ៤០០​ ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍: ក្រសួងមហាផ្ទៃចំនួន​ ០៣​ គ្រឿង​ ប្រេីប្រាស់ទឹកអស់ ០៦​ រថយន្ត​ ។  រថយន្តទីក្រុងអូឡាំព្យា ចំនួ​ន​ ០២​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤​ រថយន្ត​ ។រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៦​ រថយន្ត​ ។ រថយន្តអាវុធហត្ថរាជធានីភ្នំពេញចំនួន ០៣​ គ្រឿង ប្រើប្រាស់ទឹកអស់ ០៦​ រថយន្ត​  រថយន្តក្រុមហ៊ុនកម្ពុជាចំនួន ០១​ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ។រថយន្តបុរីប៉េងហួតចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ ចំនួន០៦​ រថយន្ត​ ។

​ពន្លត់ចប់​:​ នៅវេលា​ម៉ោ​ង​ ​១០:០០​ នាទីយប់​ នាថ្ងៃខែឆ្នាំដដែល ក្នុងហេតុការណ៍ពន្លត់អគ្គិភ័យខាងលើនេះដែរបណ្ដាលអោយមនុស្សម្នាករងរបួស៕

អត្ថបទ៖ សេង សាវី

Share.