ក្រចេះ៖ បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួល ធ្វើការចាប់ខ្លួន ទៅតាមបណ្តឹងរបស់ស្រ្តីជាម្តាយ បន្ទាប់ពីជននេះ បានធ្វើសកម្មភាព ដុតបំផ្លាញផ្ទះតៀម មួយខ្នង ជារបស់ខ្លួនឯងបណ្តាលឲ្យ ឆេះខូចខាតស្ទើរទាំងស្រុង។

យោងតាមបណ្តឹងរបស់ស្រ្តីឈ្មោះ រូន រ៉ម៉ាស់ ភេទស្រី អាយុ៧៤ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅចំណុចស្បែកកើត ភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានប្តឹងមកនគរបាលថា កាលយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ថាកូនប្រុសរបស់គាត់ឈ្មោះ ណូ នី ភេទប្រុស អាយុ៤៦ឆ្នាំ បានធ្វើសកម្មភាពដុតបំផ្លាញផ្ទះតៀមមួយខ្នងមានទំហំ៦×៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី បណ្ដាលអោយឆេះខូចខាតស្ទើរទាំងស្រុង។

សូមបញ្ជាក់ថា ក្រោយទទួលបានបណ្តឹងជននេះ កម្លាំងនគរបាលព្រហ្មទណ្ ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល បានស្រាវជ្រាវតាមចាប់ខ្លួនបាននៅព្រឹកថ្ងៃទី៩ ខែមិថុនា ខណៈរូបគេកំពុងព្យាយាមរត់គេច។

នៅចំពោះមុខនគរបាលជនដៃដល់ជាកូនរូបនេះ បានឆ្លើយសារភាពថា៖ រូបគេពិតជាបានធ្វើសកម្មភាព ដុតបំផ្លិចបំផ្លាញផ្ទះខ្លួនឯងប្រាកដមែន មូលហេតុដោយសាររូបគេខឹងនឹងអ្នកជិតខាង ប្រមាថមើលងាយថារូបគេជាមនុស្សញៀនថ្នាំ៕

Share.