ភ្នំពេញ ៖ ម្តាយរវល់ប្រមូលខោអាវបោក ពីរនាក់បងប្អូនម្នាក់អាយុ៣ឆ្នាំ នឹងម្នាក់អាយុ១៣ខែ បាននាំគ្នា​ទៅលេងក្បែរធុងទឹក ស្រាប់តែដាំដូងចូលក្នុងធុងបណ្តាលឲ្យឈ្លក់ទឹកស្លាប់ប្អូនអាយុ១៣ខែក្នុងធុង។

ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងបន្ទប់ជួលលេខ៨ ជាន់ទី២ ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

កុមារីរងគ្រោះមានឈ្មោះ ពុធ សង្វា អាយុទើបតែ១៣ខែ មានឳពុកឈ្មោះ ឡោ សំណាង អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានម្តាយឈ្មោះ ដា ប៊ែកគី អាយុ២២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ គ្រួសារខាងលើមានកូន២នាក់ ប្រុស១នាក់ អាយុ៣ខួប និងស្រី១នាក់ ជាកូនពៅ ស្នក់នៅផ្ទះជួលចំណុចខាងលើ មានស្រុកកំណើតនៅឯភូមិរកាអារ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម ។

បើតាមក្រុមគ្រួសារ បានឲ្យដឹងថា មុនកើតហេតុ ឪពុកក្មេងរងគ្រោះទៅធ្វើការងារបាត់ ចំណែកម្តាយនៅផ្ទះមើលកូន ហើយខណៈម្តាយរវល់តែប្រមូលខោអាវយកទៅបោកគក់ សឹងមិនបាន១០នាទីផង បាត់កូនស្រីពៅ រត់ទៅមើក្នុងបន្ទប់ទឹក ឃើញកូនដាំដូងចូលក្នុងធុង ឈ្លក់ទឹកស្លាប់បាត់ទៅហើយ ក៏ស្រែកផ្អើលបងប្អូនញាតិជិតខាង នាំគ្នាជួយធ្វើចលនា តែក្មេងស្រីបានស្លាប់បាត់ទៅហើយ ទើបនាំយកយកចុះមកក្រោម។

សពក្មេងស្រី ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ជំនាញ ចុះទៅពិនិត្យកោសល្យវិច័យ ឃើញថាស្លាប់ដោយសារលង់ទឹកធុង រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕

អត្ថបទ៖ តាតុង សែនជ័យ

Share.