បាត់ដំបង៖ បុរសម្នាក់ខឹងប្រពន្ធដុតម៉ូតូចោល ហើយរាលឆាបដល់ផ្ទះឆេះអស់ចំនួន៣ខ្នង កាលពីវេលាម៉ោង ១០:០០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ម្ចាស់ផ្ទះរងគ្រោះទី១ មានឈ្មោះ ហេង ហៀប ភេទស្រី អាយុ៤០ឆ្នាំ មានទំហំ ៨ x៦ម៉ែត្រ ធ្វើពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មលាយក្តារ ឆេះអស់ទាំងស្រុង ខូចខាតសរុបជាថវិកាអស់ប្រហែល ១០០.០០០.០០០រៀល (មួយរយលានរៀល)។ ផ្ទះទី២ មានទំហំ ៤X៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារខូចខាតអស់ទាំងស្រុង រួមទាំងឆេះរថយន្តធុនតូច០១ គ្រឿង- ម៉ូតូ០១គ្រឿង និងសម្ភារ:ជាច្រើនទៀតជនរងគ្រោះម្ចាស់ផ្ទះឈ្មោះ ហេង ហុន ភេទស្រី អាយុ៤៥ឆ្នាំ សរុបការខូចខាតអស់ទឹកប្រាក់ប្រហែល ១២០.០០០.០០០រៀល(មួយរយម្ភៃលានរៀល) និងផ្ទះទី៣ ទំហំ ៨X៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ជញ្ជាំងថ្មលាយក្តារខូចខាតឆេះអស់២០% ជនរងគ្រោះម្ចាស់ផ្ទះឈ្មោះហេង ហាក់ ភេទស្រី អាយុ៤៨ឆ្នាំ ខូចខាតសរុបជាទឹកប្រាក់ប្រហែល
៤.០០០.០០០រៀល(បួនលានរៀល)។

នគរបាលមូលដ្ឋានបានបន្ថែមថា មូលហេតុដែលបណ្តាលឲ្យកើតមានឡើងអគ្គិភ័យខាងលើ គឺផ្តើមឡើងដោយសារម្ចាស់ផ្ទះទី២ ឈ្មោះ រីម អ៉ីម ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាប្តីរបស់ឈ្មោះ ហេង ហុន បានស្រវឹងស្រា រួចឈ្លោះប្រកែកគ្នា រហូតឈានដល់ដុតម៉ូតូរបស់ខ្លួនឯងចោល ទើបបណ្តាលឱ្យឆេះរាលដាលដំបូងទៅដល់ផ្ទះខ្លួនឯង និងបន្តឆេះរាលទៅដល់ផ្ទះបងប្អូនបង្កើតចំនួន ០២ខ្នងទៀតខូចខាតទាំងស្រុង និងស្ទើរតែទាំងស្រុង។

ភ្លាមៗសមត្ថកិច្ចមូដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យស្រុក ០១គ្រឿង និងរថយន្តច្នៃដឹកទឹកចំនួន ០២គ្រឿងទៀតដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ទើបគ្រប់គ្រងស្ថានការបាន ក្នុងករណីនេះដែរមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើង៕

អត្ថបទ៖ ដំបងក្រញូង

Share.