ភ្នំពេញ ៖ អគ្គីភ័យបានឆាបឆេះផ្ទះជួសជុលទូរស័ព្ទដៃមួយកន្លែងយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង ៧និង ៥០នាទីយប់ថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ ២០២២ ត្រង់ចំណុចផ្ទះយីហោ ជាង វិច្ឆិកា ជួសជុលទូរស័ព្ទដៃ ស្ថិតតាម បណ្ដោយផ្លូវបេតុង បឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ផ្ទះដែលអគ្គិភ័យឆាបឆេះមានទំហំ ៣ x ៤ ម៉ែត្រ ប្រភេទបេតុង ប្រក់ស័ង្កសី ជួលដោយឈ្មោះ ម៉ម វិច្ឆិកា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាងជួសជុលទូរសព្ទ័ ស្នាក់នៅកន្លែងកេីតហេតុ ។

យោងតយោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះកេីតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគឺ ម្ចាស់ផ្ទះបានចាក់សោរចោល ហើយចេញទៅក្រៅបាត់ ស្រាប់តែនៅវេលាខាងលើ ក៏មានផ្សែង និងអណ្តាតភ្លេីងហុយចេញពីផ្ទះជួសជុលទូរស័ព្ទដៃ ទេីបបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរ នោះបាននាំគ្នា ចេញមកស្រែកឆោឡោថា មានភ្លើងឆេះផ្ទះហើយ រួចបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានសុំរថយន្ដពន្លត់ អគ្គីភ័យមកបាញ់ទឹកពន្លត់។

ករណីអគ្គិភ័យខាងលើ បាន ភ្លាមៗ គេឃើញមានរថយន្តពន្លត់អគ្គិភ័យ​របស់ស្នងការដ្ឋានរាជធានី១គ្រឿង និងរថយន្ត របស់ក្រុមហ៊ុន ស្រាបៀកម្ពុជា ១គ្រឿងទៀតបានចេញជួយ បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន២ឡាន ទើបភ្លើងរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង ៨និង ៣០នាទីយប់នៅថ្ងៃដដែល។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះ សង្ស័យមកពីទុសេខ្សែភ្លើង ទើបណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ តែសំណាងល្អដែលមិនឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរគ្នានោះទេ ហេីយក៏មិនបង្កគ្រោះថ្នាក់ដល់មនុស្សដែរ គឺគ្រាន់តែខូចខាតសំភារៈមួយចំនួនធំ នៅជាន់ឡៅតឿ៕

អត្ថបទ៖ សេង សាវី

Share.