ភ្នំពេញ ៖ បុរសម្នាក់យករោគប្រច័ណ្ឌដាក់ខ្លួនទាំងគ្មានហេតុផល ជាលេសបង្កហឹង្សា វាយប្រពន្ធកូន លើកចុងក្រោយវិលមកពីផឹកសុីស្រវឹង ខឹងប្រពន្ធមិនលើកទូរស័ព្ទ បែជាចោទថាមានសាហាយ ផ្ទុះជម្លោះទាញបានមេសោវាយបែកក្បាល ហើមមុខ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅផ្ទះលេខ២១០ ផ្លូវបេតុង ក្រុម៦ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លុះដល់វេលាម៉ោង១រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចទទួលបានបណ្តឹងរួចហើយ ចុះទៅចាប់ឃាត់ខ្លួនបុរសជាប្តី នាំចូលប៉ុស្តិ៍ អនុវត្តតាមនីតិវិធី ។

ភាគីខាងប្តីមានឈ្មោះ យ៉េន ចាន់មករា អាយុ៣៥ឆ្នាំ មុខរបរបើកបររថយន្ត ។ ភាគីខាងប្រពន្ធមានឈ្មោះ សឿន សុខលីន អាយុ២៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ។ គ្រួសារខាងលើមានកូនស្រី១នាក់ អាយុ៣ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារ ។

ប្រភពពីក្រុមគ្រួសារភាគីខាងស្រីបានឲ្យដឹងថា ដូចជាជ្រុលពេកហើយ ឈ្លោះរករឿងប្រពន្ធ ចោទប្រកាន់គ្មានសមហេតុផល ទើបការការនៅរបស់គ្រួសារខាងលើមិនចុះសម្រុងគ្នា ឈ្លោះ ប្រើហឹង្សា វាយប្រពន្ធ កូនស្រីតូច ចំនួន៥លើកទាំងលើកនេះហើយ ទើបភាគីខាងប្រពន្ធទ្រាំលែងបានប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ។

បើតាមស្ត្រីជាប្រពន្ធបានឲ្យដឹងថា ប្តីកំណាច ឲ្យតែវិលមកពីផឹកសុី ស្រវឹងម្តងៗ ប្រពន្ធកូនត្រៀមចូលពេទ្យឲ្យហើយទៅ ដឹងតែទក់សាច់ហើយ រករឿងចោទប្រកាន់គ្មានហេតុផល មកដល់លើកចុងក្រោយនេះ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ប្តីវិលមកពីផឹកសុី ស្រវឹង មកខឹងរឿងមិនលើកទូរស័ព្ទ ចោទប្រកាន់ថាមានសាហាយហើយ ទើបមិនលើកទូរស័ព្ទបែបនេះ ទ្រាំនឹងសម្តីដៀលត្មះមិនបានក៏ទះកំផ្លៀងមួយដៃ ប្តីចិត្តអប្រិយទាញបានមេសោ វាយសំពងបែកក្បាល ហើមមុខ ដេរ៣ថ្នេរ ហូរឈាមជោគអាវ លុះដល់ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សម្រេចចិត្តរត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ ដល់វេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនបាន បុរសជាប្តី ។

តាមជំហរភាគីខាងស្រី បានស្នើសុំឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ជាជំហានទី១ រួចហើយនឹងបន្ត ប្តឹងផ្តាច់សង្វាស់ ដើម្បីចែកផ្លូវគ្នា ។ ជនដៃដល់ក្រោយពីឃាត់ខ្លួនបាន នាំសាកសួរនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌ អនុវត្តបន្តតាមនីតិវិធី ៕

Share.