បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីជំនាញចុះបង្ក្រាបរឹបអូសរបាំងសាច់អួនប្រវែងជាង ១៥គីឡូម៉ែត្រ រួមទាំងឧបករណ៍នេសាទខុសច្បាប់ជាច្រើនទៀត អំឡុងយុទ្ធនាការទប់ស្កាត់បទល្មើសនេសាទ។

លោក ឈឹម វជិ្ជរ៉ា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ថា រយ:ពេលជាង ៣០ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ អនុវត្តតាមផែនការសកម្មភាពការងាររាជរដ្ឋាភិបាល មន្ត្រីជលផល រួមទាំងកម្លាំងទីបញ្ជាការស្រាលបឹងទន្លេសាប ខេត្តបានអនុវត្តច្បាប់ចុះអប់រំផ្សព្វផ្សាយបណ្តើរ បង្ក្រាបបណ្តើរជុំវិញភូមិសាស្ត្រគ្រប់គ្រង តំបន់ឃុំកោះជីវាំង ឃុំព្រៃចាស់ ឃុំសំរោងក្នុង ស្រុកឯកភ្នំ និងឃុំកកោះ ឃុំតាលាស់ ឃុំឬស្សីក្រាំង ក្នុងស្រុកមោងឬស្សី។

យុទ្ធនាការបង្ក្រាប និងទប់ស្កាត់បទល្មើសខាងលើមន្ត្រីជំនាញដកហូតឧបករណ៍នេសាទល្មើសច្បាប់រួមមាន: របាំងសាចមង ឬស្បៃមងចំនួន ១៥៤៤១ម៉ែត្រ, លូ ឬលប ឡុកចំនួន ៦២គ្រឿង, បង្កោលចម្រឹងចំនួន ៩៥៧០ដើម, អាំងវិចទ័រ ១៤៦គ្រឿង, អាគុយ ៣គ្រាប់, ដងឆក់ ៣០គូ, ថ្នងរុញឈិបយន្ត ១វង្ស និងកាណូត ១គ្រឿងផងដែរ។

មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តខាងលើបន្តថា ទន្ទឹមនឹងឧបករណ៍នេសាទល្មើសច្បាប់ដែលមន្ត្រីជំនាញចុះបង្ក្រាបបានខាងលើ ក៏រួមមានការចូលរួមប្រគល់ឧបករណ៍ល្មើសច្បាប់ពីប្រជានេសាទចំនួន ១៤៥ នាក់ដែររួមមាន: អាំងវិចទ័រចំនួន ១៣៧គ្រឿង, ដងឆក់ ១៨គ្រឿង, ឈិបយន្ត ១វង់ និងសាច់មងចំនួន ៣ ៥១១ម៉ែត្រ។

ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង តំបន់ព្រៃលិចទឹក មានសរុបផ្ទៃដីចំនួន ២០៦ ៩៥៣ហិកតា, ចំនួនសហគមន៍នេសាទមាន ៤៦សហគមន៍ ទីតាំងអភិរក្សត្រីមេពូជសហគមន៍មានចំនួន ៤៩កន្លែង និងទីតាំងអភិរក្សធម្មជាតិចំនួន ៧កន្លែង លើផ្ទៃដីទំហំ ៥៣ ៧៥០ហិកតា៕

អត្ថបទ៖ ដំបងក្រញូង

Share.