ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ Volodymyr Zelensky បាន​ប្ដេជ្ញា​ថា​ នឹង​«រំដោះ»​ ទឹកដី Crimea និង សាធារណរដ្ឋ​ឯករាជ្យ​ Donetsk (DPR) និង Lugansk (LPR) មកវិញឲ្យបាន។ ​

លោក Zelensky បាន​និយាយ​បែប​នេះ​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ការ​បាញ់​ផ្លោង​របស់​យោធា​អ៊ុយក្រែន​ លើ​អគារ​លំនៅ​ដ្ឋាន​ ផ្សារ​ និង មន្ទីរ​ពេទ្យ​សម្ភព​មួយកន្លែង​នៅ​កណ្ដាល​ទីក្រុង​ Donetsk។

ថ្លែង​ក្នុង​សុន្ទរកថាវីដេអូ​មួយ​កាល​ពី​យប់​ថ្ងៃ​ ច័ន្ទ លោក​ Zelensky បានបញ្ជាក់​ថា «យើង​នឹង​មកដល់​​ទីក្រុង​ទាំងអស់របស់​យើង​ ទៅ​កាន់​ភូមិ​ទាំង​អស់​របស់​យើង​ដែល​មិន​ទាន់​មាន​ទង់ជាតិ​របស់​យើង​»។ លោក​អះអាង​ថា កង​ទ័ព​របស់​លោក​នឹង​កម្ចាត់​គូ​ប្រជែង​រុស្ស៊ី​ នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ ហើយ​ដណ្ដើម​យកទីក្រុង​ Mariupol, Kherson, និង​ Melitopol មកពី​កង​កម្លាំង​រុស្ស៊ី​មកវិញ និងបេ្ដជ្ញា​ដណ្ដើម​យក​ សាធារណរដ្ឋ​ឯករាជ្យ​ Donetsk (DPR) និង Lugansk (LPR) ផង​ដែរ​។

លោក​បាន​បន្ដ​ថា «​ខ្ញុំ​ស្នើ​សុំ​ឲ្យអ្នក​រាល់​គ្នា​ដែល​មាន​ឱកាស​ទាក់​ទង​ជាមួយ​ប្រជាជន​នៅ​ភាគ​ខាង​ត្បូង​ដែល​រុស្ស៊ី​កាន់​កាប់​ សូម​ប្រាប់​ពួកគេ​ថា នឹង​មាន​ការ​រំដោះ។ ហើយ​សូម​និយាយ​ពាក្យ​នេះ​ទៅ​កាន់​ Gorlovka, Donetsk និង Lugansk ដោយ​ប្រាប់​ពួក​គេ​ថា កង​ទ័ព​អ៊ុយក្រែន​នឹង​ទៅ​ទី​នោះ​យ៉ាង​ប្រាកដ។ ពិត​ណាស់​ យើង​នឹង​ទៅ​រំដោះ​តំបន់​ Crimea របស់​យើង​ផង​ដែរ។​ សូម​ឲ្យ​មន្រ្តី​រុស្ស៊ី​គ្រប់​រូប​ដែល​បាន​រឹប​អូស​យក​ទឹក​ដីដ៏​មាន​តម្លៃ​នៅ Crimea ចង​ចាំ​ថា​ នេះ​មិន​មែន​ជា​ទឹក​ដី​ដែល​ពួក​គេ​នឹង​មាន​សន្តិភាព​នោះ​ទេ​»។

ទីក្រុង​ Donetsk និង​ Lugansk បាន​ប្រកាស​ឯករាជ្យ​ពី​អ៊ុយក្រែន ២ថ្ងៃមុន​ការ​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​ខែ កុម្ភៈ​ ចំណែក​តំបន់​ Crimea បាន​បោះ​ឆ្នោត​យ៉ាង​លើស​លុប​ ដើម្បី​ចូល​រួម​ជាមួយ​រុស្ស៊ី​នៅ​ក្នុងឆ្នាំ ២០១៤៕​

ប្រភព៖ RT

Share.