ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌពោធិសែនជ័យ ចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងប៉ុនប៉ងចាប់រំលោភប្អូនថ្លៃស្រី តែមិនបានសម្រេច កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ នួន ភារៈ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ អតីតបើកបររថយន្តឲ្យលោកអភិបាលខណ្ឌពោធិសែនជ័យ មានទីលំនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ ជាដើមបណ្តឹង ឈ្មោះ ស ស ម ភេទស្រី អាយុ១៩ឆ្នាំ មុខរបរ ជានិស្សិតឆ្នាំទី១ មានទីលំនៅ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

គួររំលឹកផងដែរថា កាលពីរំលងអធ្រាត្រ ចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ជនសង្ស័យប្រដាប់ដោយកាំបិតបុ័ងតោ ឡើងទៅធ្វើសកម្មភាពគាស់ទ្វារបន្ទប់ឡៅតឿ ចូលចាប់ប្អូនថ្លៃស្រី ប៉ុនប៉ងរំលោភសេពសន្ទវៈ និងគម្រាមសម្លាប់ចោល កាលបើមិនឲ្យរូបគេ តែមិនបានសម្រេច ផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចចុះទៅចាប់ខ្លួន បានតែម្តង រួមជាមួយវត្ថុតាង ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងនៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ លុះមកដល់ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ សមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុង សែនជ័យ​

Share.