បាត់ដំបង៖ ក្មេងប្រុសអាយុ៨ម្នាក់​​បាន ចុះលាងជើងនៅមាត់ស្រះ​ ស្រាប់តែរអិលធ្លាក់ចូលទឹកជ្រៅ បណ្តាលឲ្យលង់ស្លាប់ត្រង់ចំណុចក្រុមទី១៦ ភូមិរូងអំពិល ឃុំខ្នាចរម ​កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ ឃីន ម៉ាណែត ភេទប្រុស អាយុ ០៨ឆ្នាំរស់នៅក្រុមទី ០៤ ភូមិបឹងអន្លក់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង​ បានលង់ទឹកស្លាប់ពេលចុះលាងជើងនៅនឹងមាត់ស្រះ ក៏រអិលចូលទឹកជ្រៅ ភ្លាមៗអ្នកស្រុកជួយសង្គ្រោះដែរតែមិនទាន់ពេលវេលាទើបបណ្តាលឲ្យស្លាប់នៅឯមន្ទីរពេទ្យ។

ហើយនៅថ្ងៃទី១៤ ខេមិថុនា ឆ្នាំ២០២២ជាមួយគ្នានេះ ក៏មានករណីលង់ទឹកស្លាប់មួយទៀត ដែលកើតឡើងនៅចំណុចបួរឫស្សី ក្រុមទី០៤ ភូមិបឹងអន្លក់ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ហើយសពជនរងគ្រោះឈ្មោះ បា សំអូន ភេទប្រុស អាយុ ២៧ឆ្នាំ សង្ស័យលង់ទឹកស្លាប់ដោយសាររោគប្រកាច់ពេលងូតទឹក។

ក្រោយកើតហេតុភ្លាមៗគ្រូពេទ្យ ជាមួយនឹងកម្លាំងនគរបាលផ្នែកជំនាញបានចុះពិនិត្យ ហើយបញ្ជាក់ថា ជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យសាច់ញាតិ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.