ព្រះសីហនុ៖ មានករណីផ្ទុះអាវុធមួយនៅក្រុងព្រហសីះនុ ដែលបង្កឡើងរវាងជនជាតិចិន និងជនជាតិចិន បណ្តាលឲ្យតៃកុងឡានជាជនជាតិខ្មែរម្នាក់របួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១២យប់ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅលើផ្លូវ២ធ្នូ (ផ្លូវអន្ទុងអាំង) ជិតអូតែលសុខា ស្ថិតក្នុងភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ។

លោក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុ​ បានឲ្យដឹង នៅព្រឹកថ្ងៃទី ១៥ ខែមិថុនានេះថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យជាជនជាតិចិននោះបានហើយ។ ដោយក្រោយពីផ្ទុះអាវុធជនសង្ស័យបើករថយន្តយកទៅផ្លុងចោលនៅឯស្រុកព្រៃនប់។

លោកបានបញ្ជាក់បន្ថែមទៀតថា ករណីផ្ទុះអាវុធនេះបានធ្វើឲ្យ អ្នកបើកឡានជនជាតិខ្មែរ ដែលជាអ្នកបើកឡាន ឱ្យចិន រងរបួសបានបញ្ជូនទៅសម្រាប់ព្យាបាលនៅមន្ទីរពេទ្យឯកជនភ្លាមៗ។ ហើយករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថាជាករណីជម្លោះរឿងជំពាក់ប្រាក់។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទ៖ ព្រះសីហនុ​

Share.