បាត់ដំបង៖ មន្ត្រីជំនាញបានរំដោះគ្រាប់កាំភ្លើងប្រភេទគាំទ្រជាច្រើនគ្រាប់ ក្រោយពលរដ្ឋប្រទះឃើញពេលឈូសឆាយដីដាំដំណាំ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានបញ្ជាក់ឲ្យដឹងថា នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ ប្រជាពលរដ្ឋជាកសិករបានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់ នៅក្បែរចំណុចមាត់បឹង ក្នុងភូមិតានួត ឃុំព្រះផុស ខេត្តបាត់ដំបង ខណ:កំពុងឈូសឆាយដីដំណាំ។

គ្រាប់កាំភ្លើងដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាគ្រាប់ដែលនៅសេសសល់តាំងសម័យសង្គ្រាមសរុបចំនួន ១៤គ្រាប់ មានដូចជាប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ២គ្រាប់, គ្រាប់ ប្រភេទ ៦៩មីលីម៉ែត្រ ១គ្រាប់, គ្រាប់កាំភ្លើងប្រភេទដេកា ៧៥មីលីម៉ែត្រចំនួន ៦គ្រាប់, ក្បាលគ្រាប់ ១០០លី ចំនួន ៣គ្រាប់, កង់ដង់បេ ៤០ មួយគ្រាប់ និងគ្រាប់ប្រភេទ PMN២ មួយគ្រាប់ផងដែរ។

លោកវរសេនីយ៍ឯក ប៉ាង ហៀង បានបន្ថែមថា ក្រោយការប្រទះ និងបង្កការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានសហការជាមួយមន្ត្រីអង្គភាព ស៊ីម៉ាក មករំដោះចេញ ហើយយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាកម្ទេចចោល៕

អត្ថបទ៖ ដំបងក្រញូង

Share.