មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស Ford-TSI ត្រូវបានសម្ពធជាផ្លូវការ ក្រោមអធិបតីភាពរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ការសម្ពោធបើកឲ្យដំណើរការមជ្ឈមណ្ឌលនេះ ក្រោយពីវិទ្យាស្ថានតេជោ សាធារណការ និងដឹកជញ្ជូន បានចុះអនុស្សារណយោគយល់គ្នាជាមួយ ក្រុមហ៊ុន RMA Cambodia លើក្របខណ្ឌកិច្ចសហប្រតិបត្តិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសរយៈពេល៥ឆ្នាំ។

អនុស្សារណៈ នៃការយោគយល់ (MOU) ខាងលើនេះ គឺក្រុមហ៊ុន RMA Cambodia បានជួយជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ ក្នុងការរៀបចំ និងធ្វើនវានុវត្ត អគារមួយកន្លែងរបស់ក្រសួងសាធារណការ ឲ្យទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស Ford-TSI។

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន បានថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលខាងលើនេះ កាលពីព្រឹកថ្ងៃទី ១៧ ខែមិថុនានេះថា វគ្គបណ្ដុះបណ្ដាល គឺត្រូវរៀបចំជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ក្រុមហ៊ុនបានផ្ដល់ថវិកាសម្រាប់រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ និង​ផ្ដល់រថយន្ដចំនួន ៥គ្រឿង ដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនោះ គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលពន្ធ) ព្រមទាំងមានរថយន្ដ Forklift និង​គ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌល នៅក្នុងដំណាក់កាលបន្ដបន្ទាប់  ដែលគិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តមបានលើកឡើងទៀតថា វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនដោយមានការគាំទ្រពី ក្រុមហ៊ុន អ អិម អេ បានស្នើសុំប្រាក់ពីមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានប្រាក់ ១០ម៉ឺនដុល្លាអាមេរិក ដើម្បី​ចាប់ផ្ដើម​អនុវត្ដ​កម្មវិធីបណ្ដុះបណ្ដាល​ វគ្គទី១ ដែលមានសិក្ខាកាម ១២៥នាក់។ ប្រាក់បានពីមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញនេះ ត្រូវប្រើប្រាស់សម្រាប់ប្រាក់ឧបត្ថមសិក្ខាកាម, ប្រាក់ខែគ្រូបណ្ដុះបណ្ដាល, សម្ភារៈបរិក្ខារនានា និងចំណាយរដ្ឋបាល។ការបណ្ដុះបណ្ដាលនេះ បានចាប់ផ្ដើមនៅថ្ងៃទី​១៣ មិថុនា ឆ្នាំ២០២២ កន្លងមកនេះ។

ជោសែន សាធារណការ និងដឹកជញ្ជូន

ប្រភពដដែលបានបន្ដថា នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ បានបើកឱ្យដំណើរការថ្នាក់រៀនចំនួន២ និងមានសម្ភារៈបរិក្ខាបច្ចេកទេសសម្រាប់សិក្សា និងអនុវត្ដ។ បន្ទាប់ពីការបណ្ដុះបណ្ដាល ៤ខែ សិក្ខាកាមត្រូវចុះកម្មសិក្សាបន្ដ រយៈពេល ៣ខែ និងចុងបញ្ចប់សិក្ខាកាមប្រមាណ ៨០% នឹងត្រូវផ្ដល់ការងារនៅក្រុមហ៊ុន ហ្វដ ខេមបូឌា។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift, ការបើកបរគ្រឿងចក្រធុនធ្ងន់ និងការថែទាំងគ្រឿងចក្រទាំងអស់នោះ ផងដែរ​។

លោក ងន សាំង ប្រធានក្រុមហ៊ុនប្រចាំប្រទេសនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី លើកឡើងដែរថា តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ​ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្តោតលើក្របខណ្ឌអប់រំ កម្មវិធីបណ្តុះបណ្តាល និងផ្តល់ជំនួយផ្នែកបច្ចេកទេស។ លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងផ្តល់ជាប្រយោជន៍ដល់ប្អូនៗសិស្សនិស្សិតក៏ដូចជាយុវជនខ្មែរជំនាន់ក្រោយដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេស ហើយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដ ហ្វដ-ធី អេស អាយ ដែលបានដាក់​សម្ពោធជាផ្លូវការនៅថ្ងៃនេះ នឹងក្លាយជាទីតាំងមួយសម្រាប់ឱ្យសិស្សានុសិស្ស សិក្ខាកាមនានា មកទទួលយកការបណ្ដុះបណ្ដាលទាំងទ្រឹស្ដី និងការអនុវត្ដជាក់ស្ដែងផ្ទាល់។  

កាលពីថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលម៉ិញនេះ ក្រុមហ៊ុន​ បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវ រោងចក្រដំឡើងរថយន្ដ Ford នៅខេត្ដពោធិ៍សាត់។ រោងចក្រនេះ នឹងផ្ដល់ការងារដល់យុវជនប្រមាណជា ៥០០កន្លែង លើជំនាញវិជ្ជាជីវៈបច្ចេកទេស។ «សិស្សនិស្សិតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលនេះ គឺមិនខ្វះការងារនោះទេ​ ព្រោះតម្រូវការងារផ្នែកបច្ចេកទេសនេះ កំពុងមានតម្រូវការច្រើន»។ នេះជាការលើកឡើងបន្ថែមរបស់ លោក ងន សាំង ប្រធានក្រុមហ៊ុនប្រចាំប្រទេសនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី។​

លោកបានឲ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន RMA Cambodia បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ជាមួយអ្នកឯកទេសរបស់ក្រុមហ៊ុន នៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។ ក្រៅពីនេះ ក្រុមហ៊ុន ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា​ កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ផងដែរ។

ទាក់ទងនឹងបញ្ហានេះដែរ លោកស្រី Dianne Craig, President International Markets Group at Ford Motor Company តំណាង​ក្រុមហ៊ុន​ RMA Group ប្រចាំ​តំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងស្វាគមន៍ និង​បានថ្លែងចំណាប់អាំរម្មណ៍ចំពោះអង្គពិធី ថា ក្នុងរយៈពេល ២៥ឆ្នាំ នៃកិច្ចសហប្រតិបត្ដិការរវាងក្រុមហ៊ុន ហ្វដ និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក្រុមហ៊ុនទាំង២ សម្រេចបាននូវសមិទ្ធិផល និង​សម្រេចបានគោលដៅ​ជាច្រើន ទាំងផ្នែកទីផ្សារ និង​កិច្ចការងារសង្គម។ លោកស្រី​ សូមគាំទ្រ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្ដិការ រវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និង​ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នឹងសម្រេចបាននូវសមិទ្ធិផល ជាផ្លែផ្កាបន្ថែមទៀត។  

ស្រដៀងគ្នានេះ លោក Benjamin V. Wohlauer, ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា​ តំណាងឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចេញទស្សនៈដែរថា មជ្ឈមណ្ឌលនេះ ​ជា​ការ​អភិវឌ្ឍ​បន្ថែម​ទៅ​លើ​ការ​អប់រំ​វិជ្ជាជីវៈ កម្លាំង​ពលកម្ម ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ ព្រះរាជាណាចក្រកម្ពុជា ហើយនេះ គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះ នៃការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា។ «ខ្ញុំមានមោទនភាពចំពោះក្រុមហ៊ុន RMA ក្នុងសកម្មភាព CSR បរិច្ចាគមជ្ឈមណ្ឌល និងរថយន្តហ្វដ។ កម្មវិធីឧទាហរណ៍ដ៏អស្ចារ្យ នៃភាពជាដៃគូរបស់សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គឺបានពង្រីកការនាំចូល និងការនាំចេញទៅអាមេរិក គួរឱ្យកត់សម្គាល់។ ជាថ្មីម្ដងទៀត លោកភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា​ តំណាងឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរយ៉ាងខ្លាំងចំពោះសមិទ្ធិផល គួរជាទីមោទននៅថ្ងៃនេះ»។

ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលខាងលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងទស្សនវិស័យប្រកបដោយភាពឧត្តុងឧត្តម ចង់ឃើញកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ទៀត មានសមត្ថភាពចេះសាងសង់ផ្លូវ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដោយខ្លួនឯង និងមានគុណភាពជូនជាតិមាតុភូមិយើងនាពេលអនាគត  វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើង ក្នុងគោលបំណង បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌វិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាកង្វះជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា មជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ របស់​ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាសមិទ្ធិផលមួយទៀត ដែលនឹងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលសមត្ថភាព និងកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារការងារ ដែលមានជាលំដាប់។  មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ក៏បញ្ជាក់ផងដែរ អំពីកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងភាគីរដ្ឋ និងភាគីឯកជន ក្នុងចូលរួម​កសាង និងជំរុញសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ និង​តាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។  ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែក​ដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និង​កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយ​អ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវ​ក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ។

សូមជម្រាបជូនផងដែរថា ការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនេះ បានចាប់ផ្ដើមនៅថ្ងៃទី​១៣ មិថុនា ឆ្នាំ២០២២ កន្លងមកនេះ ហើយបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ បានបើកឱ្យដំណើរការថ្នាក់រៀនចំនួន២ និងមានសម្ភារៈបរិក្ខាបច្ចេកទេសសម្រាប់សិក្សា និងអនុវត្ដ។បន្ទាប់ពីការបណ្ដុះបណ្ដាល ៤ខែ (ដែលទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារអាមេរិកក្នុងមួយខែ) សិក្ខាកាមត្រូវចុះកម្មសិក្សាបន្ដ រយៈពេល ៣ខែ (ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០ដុល្លារអាមេរិក ក្នុងមួយខែ) និងចុងបញ្ចប់សិក្ខាកាមប្រមាណ ៨០% នឹងត្រូវផ្ដល់ការងារនៅក្រុមហ៊ុន ហ្វដ ខេមបូឌា។

សូមបញ្ជាក់ថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group)។ ក្រុមហ៊ុន អ អិម អេ បានទទួលសិទ្ធិ  ផ្តាច់មុខនាំចូលចែកចាយនូវផលិតផល និងជាដៃគូអាជីវកម្មនៃយីហោល្បីៗជាច្រើននៅក្នុងសកលលោក ដូចជា រថយន្តម៉ាក FORD Jaguar Land Rover និង Range Rover រថយន្តដឹកទំនិញម៉ាក FUSO  គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក John Deere គ្រឿងចក្រឧស្សាហកម្មម៉ាក JCB រថយន្ត និងឧបករណ៏សម្អាតម៉ាក Hako Power Boss Minuteman ឧបករណ៏លើកដាក់ទំនិញម៉ាក TCM ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះស្រាយផ្នែកវិស្វកម្ម ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget ក្រុមហ៊ុនកង់បីអ៊ីតាលីម៉ាក Piaggio ក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន Pizza Company, Swensen’s,  Dairy Queen, Krispy Kreme, Bar B Q Plaza និង The Coffee Club។ ថ្មីៗនេះ ក្រុមហ៊ុនបានបង្កើត Hungry App និងបាននាំចូលនូវរថយន្តម៉ាក Changan ។

Share.