បន្ទាយមានជ័យ៖ សពបុរស២នាក់ ដែលឆក់ខ្សែភ្លើង ធ្លាក់ទឹកស្លាប់នៅរម្មណីយ៍ដ្ឋានអូរខៃដន ត្រូវបានសមត្ថកិច្ចកម្ពុជារាវរកឃើញម្នាក់ និងសពមួយទៀត ត្រូវកម្លាំងជំនាញថៃរាវរកឃើញ នៅម៉ោង១១.៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចកើតហេតុក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។


សមត្ថកិច្ចបានប្រាប់ថា សាកសពបុរស២នាក់ ដែលឆក់ខ្សែភ្លើង ធ្លាក់ទឹកស្លាប់នៅរម្មណីយ៍ដ្ឋានអូរខៃដន កាលពីវេលាម៉ោង១២.៣០នាទី ថ្ងៃទី១៧ ខែមិថុនាម្សិលមិញនោះ ក្រោយកើតហេតុរយៈ៥ម៉ោង ត្រូវបានសមត្ថកិច្ចចម្រុះកម្ពុជារកឃើញសពមួយឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ អាយុ២០ឆ្នាំ បុគ្គលិកខ្យូសនៅក្បែរខាង រស់នៅក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សមត្ថកិច្ចបានបញ្ជាក់ថា រីឯសាកសពម្នាក់ទៀតនៅវេលាម៉ោង១១.១០នាទីថ្ងៃទី១៨ ខែមិថុនា នេះត្រូវបានរកឃើញសាកសពម្នាក់ទៀតហើយឈ្មោះ ឡេះ ស៊ីណាន ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ ធ្វើការស៊ីណូDNA STAR រស់នៅភូមិក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គឺរាវរកឃើញដោយក្រុមអ្នកជំនាញមុជទឹកថៃ ប្រចាំស្រុកអារញ្ញប្រាថេត ប្រទេសថៃ បានមកជួយរាវរកតាមការស្នើសុំរបស់អាជ្ញាធរកម្ពុជា។

គួរជម្រាបជូនដែរថា បើតាមចម្លើយមិត្តភក្តិរបស់សពបានប្រាប់ថា មុនពេលកើតហេតុ ពួកគេមានគ្នា៧នាក់ មានប្រុស មានស្រី ជាមិត្តភក្តិធ្វើការកាស៊ីណូជុំគ្នា ដល់ខ្យូសយីហោ “យក្សធំម្ហូបឆ្ញាញ់” បាននាំគ្នាញ៉ាំកម្សាន្ត បន្ទាប់មកទៀត ជនរងគ្រោះដែលត្រូវជាមិត្តភក្តិ ឈ្មោះ ឡេះ ស៊ីណាន បានបបួលគ្នីគ្នា ចុះលេងទឹក តែក្រុមមិត្តភក្តិថា មិនទាន់ចង់លេងទេ ជនរងគ្រោះក៏តោងបង្កាន់ដៃស្ពានដែលធ្វើអំពីដែក ចុះទៅក្នុងទឹកក៏មានចរន្តអគ្គីសនីឆក់លង់ធ្លាក់ទៅក្នុងទឹកតែម្តង។ក្រោយមកនាំគ្នាស្រែកឆោឡោហៅឲ្យគេជួយ ស្រាប់តែមានបុរសម្នាក់ទៀត (ជនរងគ្រោះទី២) ឈ្មោះ សែម លឹមហៀង ហៅ ពេជ្រ ជាអ្នកធ្វើការនៅខ្យូសក្បែរខាងកន្លែងកើតហេតុ ចុះទៅជួយតែពេលលោតចូលទឹកស្រាប់តែប្រកាច់ដូចមានចរន្តភ្លើងឆក់លង់លិចបាត់ទៅ។


សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយពីកើតហេតុ ម្ចាស់ខ្យូស យីហោ “យក្សធំ ម្ហូបឆ្ងាញ់” បានរត់គេចខ្លួនបាត់ កម្លាំងជំនាញកម្លាំងតាមស្រាវជ្រាវរកផងដែរ។ចំណែកសាកសពទាំងពីរត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន៕

អត្ថបទ៖ ប៉ោយប៉ែត

Share.