ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ «ខ្មុកខោល» ដែលរៀបចំធ្វើឡើងនៅគម្រោងនៅ Urban Village និង Factory Phnom Penh ក្នុងគោលបំណងបំផុសការចូលរួមរបស់យុវជន ឲ្យស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេសល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា ការពារ ឲ្យបានស្ថិតស្ថេរ គង់វង្សតរៀងទៅ និងស្វែងរកមូលនិធិគាំទ្រ ១០០០ រៀល ដើម្បីរៀបចំកម្មវិធីព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យ នាចុងឆ្នាំ ២០២២។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដែលមានកម្មវិធីជាច្រើនដូចជាកម្មវិធីសិក្ខាសាលាអំពីទម្រង់ល្ខោនខោល និងរបាំបុរាណ ដែលមានការអញ្ជើញបង្ហាញដោយ ឯកឧត្តមព្រឹទ្ធាចារ្យ ព្រឿង ឈាង រួមទាំងការហាត់រៀន និងគ្រោងឈុតល្ខោនខោល របាំបុរាណ ពីសំណាក់តារាកិត្តិយសផ្សេងៗ បន្ថែមពីលើនេះ ក៏មានការប្រគំតន្រ្តីទសវត្សរ៍ទី៦០ដោយសាលាសិល្បៈតន្ត្រី ការតាំងបង្ហាញ មុខខ្មុកល្ខោនខោលចំនួន១១១ខ្មុក និងសំភារៈផ្សេងៗ បង្ហាញក្បាច់គុនល្បុក្កតោ ការសម្តែងចាប៉ីដងវែង និងល្ខោនខោល ឈុត ក្រុងរាពណ៍ជប់ពល។

លោក Ben Li ស្ថាបនិកគម្រោង Urban Villageនិង Factory Phnom Penh ដែលផ្តល់ទីតាំងរៀបចំកម្មវិធី លើកឡើងថា «ខ្ញុំសូមអរគុណដល់ក្រុមការងារ ខ្មុកខោល ពួកគាត់គឺស្រលាញ់ និងលើកកម្ពស់របាំបុរាណខ្មែរ ។ កម្មវិធីនេះខកខានប្រមាណជាជាង២ឆ្នាំហើយ កំឡុងពេលកូវីដ១៩ រួមទាំងកម្ពុជា។ នៅក្នុងកម្មវិធីនេះ យើងពិតជាគាំទ្រការសម្តែង និងសិល្បករសិល្បការនីនៅទីក្រុងភ្នំពេញ។ នៅ Factory Phnom Penh យើងគាំទ្រ ការបង្កើតអាជីវកម្មថ្មីៗ ដែលមានstart up ជាង១០០ ហើយ យើងក៏គាំទ្រ សិល្បករសិល្បការនី តន្ត្រីករខ្មែរ។ក្រុមការងារកម្មវិធី ខ្មុកខោល ធ្វើការងារយ៉ាងល្អសំរាប់វប្បធម៌ប្រពៃណីខ្មែរ ។ Urban Village និង Factory Phnom Penh នៅតែបន្តគាំទ្រកិច្ចការងារសិល្បៈ ហើយយើងរក្សានិងមិនធ្វើអោយសិល្បៈខ្មែរបាត់បង់ទេ។»

ចំណែក លោកស៊ុប ស័ក្ខរា នាយកសាលាសិល្បៈហ៊្វូណន ដែលជាអ្នករៀបចំកម្មវិធី លើកឡើងថា«តាមរយៈកម្មវិធីបង្ហាញសិល្បៈជាច្រើនលើក គឺមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយទាំងរូបភាព និងខ្លឹមសារដល់អ្នកដែលចូលរួមដោយផ្ទាល់និងទស្សនាតាមបណ្ដាញសង្គមផ្សេងៗ ឲ្យយល់កាន់តែច្បាស់អំពីតម្លៃនៃសិល្បៈខ្មែរហើយចូលរួមទាំងអស់គ្នាក្នុងកិច្ចថែរក្សា និងលើកតម្កើងសិល្បៈបុរាណឲ្យកាន់តែមមានប្រជាប្រៃភាពនិងស្ថិតក្នុងបេះដូងមនុស្សខ្មែរគ្រប់រូប ។»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ «ខ្មុកខោល» មានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ទាំងបុរាណ និងសម័យ ប្រមាណជាង១០០នាក់ រួមទាំងការចូលរួមពីសំណាក់សាធារណជននានា ដើម្បីលើកកម្ពស់និងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ អោយកាន់តែទូលំទូលាយ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

https://www.facebook.com/urbanvillagephnompenh
https://www.facebook.com/FactoryPhnomPenh

Share.