នៅក្នុងវគ្គជម្រុះពិសេស ឬ Judge Cut Down គេស្រាប់តែឃើញ កញ្ញា អ៊ិត សុភាឧស្សាហ៍ ឬ អ៊ិត ជូលីណា ដែលត្រូវជាប្អូនជីទួតមួយលោក ខេមរៈ សិរីមន្ត ត្រូវបានគណៈកម្មការកាត់ចេញពីកម្មវិធី រហូតធ្វើឱ្យនាងទប់ទឹកភ្នែកមិនជាប់ ហើយដើរចេញពីកម្មវិធីយ៉ាងសោកស្ដាយ។

បើទោះបីជាមិនអាចបន្តទោះវគ្គបន្តគឺជាវគ្គ Theater Round ក៏ប៉ុន្តែកម្លាំងចិត្តរបស់ កញ្ញា អ៊ិត ជូ​លី​ណា នៅតែតាំងជំហរបានយ៉ាងរឹងមាំ។ នៅថ្ងៃម្សិលមិញនេះ កញ្ញា ជូលីណា បានបង្ហោះសារថា ៖ « អរុណសួស្តីបងៗទាំងអស់គ្នា ជូលីណា ធ្លាក់ហើយ មិនបានទៅ វគ្គ Theater round និងគេទេ។ ជម្រាប់លា បងៗទាំងអស់គ្នាដែលតែងតែគាំទ្រជូលីណារហូតមក 🙏🏼🙏🏼🙏🏼»។

ដោយឡែក ការចាកចេញរបស់កញ្ញា អ៊ិត ជូ​លី​ណា ពីកម្មវិធី Cambodian Idol រដូវកាលទី ៤នេះ ក៏មានចំណងដៃថ្មីមកពញ្ញាក់អារម្មណ៍ហ្វេនអ្នកគាំទ្រផងដែរ ដោយកញ្ញាបានបង្ហោះបទចម្រៀងថ្មីដែលមានចំណងជើងថា «បងក្បត់ព្រោះលុយ» ទុកឱ្យអ្នកគាំទ្រស្ដាប់កម្សាន្ត។ កញ្ញា ជូលីណា លើកឡើងថា «មកតាមសន្យារបស់ជូលីណា ជូនកាដូ ជាចំណង់ដៃបន្ទាប់ពី នាងខ្ញុំត្រូវចាក់ចេញពី កម្មវិធីប្រលងចម្រៀង Cambodian Idol មិនអាចបន្តទៅវគ្គ THEATER ROUND ជុំទី១ បាន។»

កញ្ញា អ៊ិត​ ជូលីណា ទើបប្រឡូកសិល្បៈប្រមាណជាង២ឆ្នាំ ប៉ុន្តែដោយសារជាសែស្រឡាយ និងជាប្អូនជីទួតមួយតារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត កញ្ញាក៏ត្រូវបានអ្នកគាំទ្រជាច្រើននាក់ងាកមកចាប់អារម្មណ៍ពីសមត្ថភាព និងសំឡេងរបស់កញ្ញា ដោយភាគច្រើនលើកឡើងថា ស្រដៀងគ្នានឹងកញ្ញា ខេមរៈ ស្រីពៅ បេះដាក់។ កញ្ញា ជូលីណា ទើបតែមានវ័យ១៨ឆ្នាំសោះ តែចាប់អាជីពតារាចម្រៀងបានយ៉ាងណែននៅក្នុងដៃ៕

សូមទស្សនាវីដេអូចម្រៀងថ្មីរបស់ កញ្ញា អ៊ិត ជូលីណា៖

https://youtu.be/nfrFHfa0knY
Share.