ភ្នំពេញ ៖ លំនៅដ្ឋានរបស់ពលរដ្ឋចំនួន៧ខ្នងត្រូវបានភ្លើងឆេះបំផ្លាញ ខ្ទេចគ្មានសល់ អស់ទាំងទ្រព្យសម្បត្តិជាចនរើនទៀតផង ដោយសារបុរសញៀនថ្នាំម្នាក់ ដុតផ្ទះខ្លួនឯង ឆេះរាលដល់ផ្ទះអ្នកជិតខាង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យខាងលើផ្តើមដោយ បុរសញៀនថ្នាំម្នាក់ ដុតផ្ទះខ្លួនឯង ដែលជួលពីគេដើម្បីស្នាក់នៅ បណ្តាលឲ្យឆាបឆេះរាលដល់ផ្ទះអ្នកជិតខាង ចំនួន៧ខ្នង ខូចខាតទាំងទ្រព្យសម្បត្តិអស់ជាច្រើន ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកពីបណ្តាអង្គភាពផ្សេងៗគ្នា ទាំងនគរបាល យោធា អាវុធហត្ថ ទៅជួយអន្តរាគមន៍ បាញ់ពន្លត់ភ្លើង ការពារឆេះរាលបន្តទៀត ។ ចំណែកជនញៀនថ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌ ៕

អត្ថបទ ÷តាតុង សែនជ័យ

Share.