ក្លិបបាល់ទាត់អាស៊ីអឺរ៉ុបយូណាយធីត នឹងជួបជាមួយក្រុមជើងឯកពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២២ ភ្នំពេញហ្គាឡាក់ស៊ី សម្រាប់វគ្គ១៤ក្រុម ជម្រុះថ្នាក់ជាតិ។

លោក សុក វាសនា គ្រូបង្គោលក្រុមអាស៊ីអឺរ៉ុប ទទួលស្គាល់ភ្នំពេញហ្គាឡាក់ស៊ីជាក្រុមដ៏ខ្លាំង ព្រោះបានត្រៀមតាំងពីជុំថ្នាក់ខេត្តរហូតមក។ទាក់ទងទៅនឹងការត្រៀមខ្លួនផ្ទាល់ខ្លួនវិញ គ្រូបង្វឹកក្រុមមានមូលដ្ឋាននៅ AEU Sports Park ដដែលថ្លែងថា មិនទាន់បានគ្រប់គ្រាន់ទេ ព្រោះផ្ដោតលើក្របខណ្ឌ Cambodian League 2 ច្រើនជាងនាពេលកន្លងមក។

ម្យ៉ាងក្រុមលោកក៏ទើបរុះរើកីឡាករមួយចំនួនដើម្បីត្រៀមជើងទី២ League 2 ដែរ។លោក សុក វាសនា សង្កត់ធ្ងន់ថា«៖ សម្រាប់ការប្រកួតពានរង្វាន់សម្តេចថ្នាក់ជាតិ វគ្គជម្រុះ យើងត្រៀមខ្លួនមិនទាន់បានគ្រប់គ្រាន់នៅឡើយទេព្រោះកន្លងមកគឺផ្តោតលើលីគច្រើន។ ក្រុមបានរុះរើកីឡាករមួយចំនួនដើម្បីត្រៀមជើងទី២ និងប្រមូតកីឡាករយុវជនមកឈុតធំផងដែរ។»

លោកបន្តទៀត៖«មួយទៀតក្តីបារម្មណ៍ គឺជាន់ពេលកីឡាករU19ចេញទៅក្រៅទៀត បើអ្នកទាំងនោះជាប់យើងអស់កីឡាករលេងតែម្តង។ ចំពោះក្រុមហ្គាឡាក់ស៊ីវិញ គេរៀបចំបានល្អជាងយើង ព្រោះគេផ្តោតតែពានសម្តេចថ្នាក់ខេត្តរហូតក្លាយជាជើងឯក។»

គួរដឹងដែរថា ក្នុងដំណាក់កាលជម្រុះថ្នាក់ជាតិ ក្រុមអាស៊ីអឺរ៉ុបយូណាយធីតត្រូវប៉ះភ្នំពេញហ្គាឡាក់ស៊ីនៅថ្ងៃទី២២ ខែមិថុនា ជើងទី១ នឹងថ្ងៃទី០៧ ខែកក្កដា សម្រាប់ជើងទី២។

សម្រាប់ក្រុមចំនួន៣ទៀតដែលឡើងមកពីថ្នាក់ខេត្ត មានឧត្តរមានជ័យ, ឫទ្ធិសែនខេត្តកំពង់ឆ្នាំង និងក្រុមខេត្តកំពត។ ការប្រកួតជម្រុះថ្នាក់ជាតិនឹងចាប់ផ្ដើមពីថ្ងៃទី២១ ខែមិថុនា តទៅ៕

Share.