ក្មេងស្រីជិះម៉ូតូជ្រែពេញផ្លូវបង្កការភ្ញាក់ផ្អើលពីអ្នកប្រើប្រាស់បណ្តាញសង្គម ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ និងធ្វើការអប់រំណែនាំ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គមបានចែករំលែកនូវរូបភាពឃ្លីបវីដេអូមុស្សស្រីម្នាក់ជិះម៉ូតូមិនពាក់មួកសុវត្ថិភាពបើកជ្រេពេញផ្លូវ បង្កឱ្យអ្នកធ្វើដំណើរចាប់អារម្មណ៍ និងសម្តែងការហួសចិត្តចំពោះសកម្មភាពមួយនេះ។
ក្រោយពីទទួលបានដំណឹងនេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ដែលមានលោកវរសេនីយ៍ឯក ស គឹមឡុង ជាអធិការនគរបាលស្រុក ធ្វើការស្រាវជ្រាវជាបន្ទាន់។
បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី បានស្វែងរកឃើញសាមីខ្លួនដែលជាក្មេងស្រី មានអាយុទើបតែ១៥ឆ្នាំ រស់នៅស្រុកមោងឫស្សី ជាអ្នកជិះម៉ូតូជ្រេពេញផ្លូវពីថ្ងៃមុន។ ក្រោយពីបានទទួលស្គាល់នូវកំហុសឆ្គង សមត្ថកិច្ចនគរបាលបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពបែបនេះទៀត និងបានប្រគល់ជូនអាណាព្យាបាលអប់រំនៅមូលដ្ឋានបន្តទៀត៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង