តើមានអ្នកនៅចាំទេ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង ដែលជាបេក្ខភាពបវរកញ្ញា Miss Grand Surin បានចូលរួមប្រកួត Miss Grand Thailand 2022 ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ? ឥឡូវនាងបានឈានជើងមកទឹកដីកម្ពុជាវិញម្ដង ក្នុងការប្រកួតដណ្ដើមមកុដ Miss Grand Cambodia 2022។

ជាផ្លូវការ តាមការប្រកាសនៅលើហ្វេសប៊ុកផេក Miss Grand Cambodia 2022 បានឱ្យដឹងថា កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង មានអាយុ 23 ឆ្នាំ កម្ពស់ 1.75m ទម្ងន់ 56kg ទំហំទាំងបី 34. 24 . 36 និងមានឪពុកម្ដាយជាជនជាតិខ្មែររស់នៅក្នុងខេត្តសុរិន្ទប្រទេសថៃ។ រហូតមកទល់ថ្ងៃទី ២២ ខែមិថុនានេះ កញ្ញាបានក្លាយជាបេក្ខភាពផ្លូវការក្នុងចំណោមបេក្ខភាពផ្លូវការទាំង 35 នាក់ដោយស្វ័យប្រវត្តិរបស់កម្មវិធីMiss Grand Cambodia 2022 ផងដែរ។

ពិតមែនហើយ គេនៅចាំបានថា នៅពេលប្រកួតក្នុងកម្មវិធី Miss Grand Thailand 2022 នាងធ្លាប់ដណ្ដើមបានពានរង្វាន់ប្រកួតឈុតតំណាងជាតិឈ្នះដាច់គេនៅខាងភូមិភាគឥសាន ដែលឈុតនោះមានឈ្មោះថា “หมอมดแกลมอ แห่งชาติพันธุ์ชาวกูย ”(ម៉មុតក្លែ.ម៉ ហ៊ែងឆាតផាន់ឆាវគូយ) ឬសម្រាយឱ្យងាយយល់ជាភាសាខ្មែរថា ឈុតគ្រូអាគមមេមត់នៃក្រុមជនជាតិភាគតិចគួយ។

នៅពេលប្រកួតនោះ កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង បានលើកឡើងនៅលើវេទិកាថា រយៈពេល ៤ឆ្នាំមកហើយសម្រាប់បទពិសោធន៍នៅលើវេទិកា Miss Grand Thailand និងទម្រាំតែមានឈ្មោះជា Miss Grand នៅថ្ងៃនេះមិនមែនជារឿងងាយស្រួលឡើយ។ នាងជាក្មេងស្រីនៃគ្រួសារក្រីក្រ រហូតបានបោះជំហ៊ានក្លាយជាស្រីស្អាត Miss Grand នោះក៏ដោយសារតែនាង ព្យាយាមដកស្រង់បទពិសោធន៍ពីរៀមច្បងជាបវរកញ្ញាមុននាង ថែមទាំងបូកផ្សំជាមួយភាពក្លាហ៊ាន និងភាពរហ័សរហួនថែមទៀត ទើបបានជាធ្វើឱ្យអ្នកគាំទ្រចោលភ្នែកមកចាប់អារម្មណ៍លើនាងគ្រប់ៗគ្នា ដែលមើលទៅនាងដូចជាបេក្ខភាពបវរកញ្ញាពោរពេញដោយសមត្ថភាពខ្លាំងម្នាក់។

Share.