ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាលខេត្តព្រះសីហនុ តាមប្រមាញ់ចាប់បានខ្មាន់កាំភ្លើង និងអ្នកជួញដូរអាវុធដែលបាញ់ បណ្តាលឲ្យអធិការរងក្រុងព្រះសីហនុ ម្នាក់រងរបួស ជាបន្តបន្ទាប់ចំនួន៦នាក់ ។

គួររំលឹកផងដែលថា កាលពីវេលាម៉ោង០៩យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនល្មើសមួយចំនួនជាជនជាតិវៀតណាម ដែលបានបាញ់តដៃជាមួយនិងសមត្ថកិច្ច ខណៈពេលដែលសមត្ថកិច្ចកំពុងចុះ ប្រតិបត្តិការឆែកឆេរអាវុធជាតិផ្ទុះ និងបណ្ដាលឲ្យ លោកអធិការរងក្រុងព្រះសីហនុម្នាក់បានរងរបួសត្រង់ជើងខាងស្ដាំ បន្ទាប់មកសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនល្មើសទាំងនោះបានចំនួន០៣នាក់ ក្នុងនោះមានស្រី១នាក់ ប្រុស២នាក់ និងដកហូតបានអាវុធដែលក្រុមជនល្មើសធ្វើសកម្មភាពនាំយកមកចាត់ការបន្តតាមផ្លូវច្បាប់ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាលខេត្តព្រះសីហនុ បានតាមប្រមាញ់ចាប់បានជនសង្ស័យជាបន្តបន្ទាប់ ដោយសមត្ថកិច្ចតាមចាប់នៅខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និង ខេត្តកណ្តាល ដែលបុរស២នាក់ ជាជនជាតិវៀតណាម និងស្ត្រីជនជាតិវៀតណាមម្នាក់ជាជនដៃដល់ និងចាប់បានអ្នកជួញដូរអាវុធចំនួន៣នាក់ភេទប្រុស ជាជនជាតិខ្មែរ រួមទាំងអាវុធវែងខ្លី ជាង២០ដើម។

សរុបរួម ទាំងជនសង្ស័យដែលឃាត់បាននៅខេត្តព្រះសីហនុ និងជនសង្ស័យដែលឃាត់បានតាមបណ្ដាលខេត្តចំនួន៣ផ្សេងៗគ្នានេះ មានជនសង្ស័យចំនួន៦នាក់ ស្រី១នាក់ និងប្រុសចំនួន៥នាក់ រួមទាំងដកហូតបានអាវុធជាច្រើនដើមថៀមទៀតផង៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.