តាមការប្រកាសនៅហ្វេសប៊ុកផេកផ្លូវការ Miss Grand Cambodia នាពេលថ្មីៗបានជូនដំណឹងអ្នកគាំទ្រថា បេក្ខភាពបវរកញ្ញា Miss Grand ខ្មែរសុរិន្ទ គឺកញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង ខកខានមិនបានចូលរួមប្រកួតក្នុងកម្មវិធី Miss Grand Cambodia 2022 ដែលគ្រោងប្រព្រឹត្តិទៅនាពេលឆាប់ៗខាងមុននេះ។

បើតាមការបង្ហោះនៅក្នុង Story Facebook ផ្ទាល់របស់កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង បានឱ្យដឹងបន្ថែមទៀតថា នាថ្ងៃទី ២៦ ខែមិថុនា នេះ មានសមាជិកក្នុងក្រុមគ្រួសាររបស់កញ្ញាបានចែកឋាន ដោយកញ្ញាបានបង្ហោះរូបភាពសខ្មៅដែលនៅទីឈាបនដ្ឋាន។ ក្នុងនោះដែរ កញ្ញាបានសរសេរខ្លឹមសារថា ៖ «មានជួប ក៏ត្រូវមានបែក R.I.P បង អ៊ឹង» ទើបគេអាចសន្និដ្ឋានបានថា ប្រហែលជាបងរបស់កញ្ញាបានទទួលមរណភាព។

មួយវិញទៀត តាមការបង្ហោះរបស់កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង នៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏បានឱ្យដឹងបន្ថែមទៀតថា នាពេលថ្មីៗនេះ តំបន់ភូមិស្រុកដែលកញ្ញារស់នៅ កំពុងទទួលរងកម្លាំងខ្យល់ព្យុះកន្ទ្រាក់ និងគ្រោះធម្មជាតិទឹកជំនន់ថែមទៀតផង រហូតធ្វើឱ្យហ្វេនអ្នកគាំទ្រព្រួយបារម្ភពីសុខសុវត្ថិភាពរបស់កញ្ញាខ្លាំង។

កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង មានឪពុកម្ដាយជាជនជាតិខ្មែររស់នៅក្នុងខេត្តសុរិន្ទប្រទេសថៃ នៅពេលដាក់ពាក្យចូលរួមប្រកួត Miss Grand Cambodia 2022 កញ្ញាបានក្លាយជាបេក្ខភាពផ្លូវការក្នុងចំណោមបេក្ខភាពបវរកញ្ញាផ្លូវការទាំង 35 នាក់ដោយស្វ័យប្រវត្តិរបស់កម្មវិធី ក៏ប៉ុន្តែគួរឱ្យសោកស្ដាយជាទីបំផុត កញ្ញាបានខកខានមិនចូលរួមក្នុងការប្រកួតទៅវិញ ដោយសារមានបញ្ញាខាងលើកើតឡើង៕

Share.