បន្ទាយមានជ័យ៖ យ៉ាងហោចណាស់លំនៅដ្ឋានពលរដ្ឋចំនួន ៥២ខ្នងផ្ទះ ក្នុងក្រុងសេរីសោភ័ណ ក្នុងនោះ ៣ខ្នង បានរងការខូចខាតទាំងស្រុង កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២។

បើតាម លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា មកទល់នឹងល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ អាជ្ញាធរ រួមនឹងក្រុមការងារបានសម្រុកចុះជួយជួសជុលផ្ទះពលរដ្ឋ និងសម្រួលអោយមានសណ្តាប់ធ្នាប់ឡើងវិញនូវដើមឈើ និងសំណង់នានា។ ចំពោះមុខត្រូវរៀបចំអោយពលរដ្ឋដែលបាត់បង់ផ្ទះសម្បែងទាំងស្រុង អោយមានទីជម្រកស្នាក់នៅបណ្តោះអាសន្ន ហើយប្រញាប់ប្រញាល់ជួសជុលផ្ទះឲ្យពួកគេ។ ឯផ្ទះដែលខូចខាតធ្ងន់ មធ្យមក៏ត្រូវជួសជុលបន្ទាន់ផងដែរ។

សូមជម្រាបថា នាយប់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង៣០នាទីម្សិលមិញនេះ មានភ្លៀងធ្លាក់ខ្លាំង លាយឡំនឹងខ្យលកន្ត្រាក់ បានធ្វើអោយប៉ះពាល់ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៣សង្កាត់ គឺសង្កាត់កំពង់ស្វាយ ១៣ខ្នងផ្ទះ, សង្កាត់ព្រះពន្លា ៣៧ខ្នងផ្ទះ និងសង្កាត់អូរអំបិល ២ខ្នងផ្ទះសរុបទាំងអស់ ៥២ខ្នងផ្ទះ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.