បន្ទាយមានជ័យ៖ អាវុធហត្ថឃាត់ជនសង្ស័យម្នាក់លួចម៉ូតូជនជាតិឥណ្ឌូនេស៊ីយកទៅលក់តម្លៃ៣៦០០០បាត នៅក្រុងប៉ោយប៉ែត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

ជនសង្ស័យមានឈ្មោះ សឹង្ហ ចំណាន ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិក្បាលស្ពានមួយ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា នៅពេលឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងឈ្មោះ ឌេ រិក ភេទប្រុសអាយុ ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិក្បាលស្ពានពីរ សង្កាត់/ក្រុងប៉ោយប៉ែត បានប្តឹងបាត់ម៉ូតូម៉ាក់ស៊ុយស៊ីគី រ៉េឌ័រ ពណ៌ខៀវដែលបាត់កាលពីវេលាម៉ោង២.៤៦នាទីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នៅចំណុចបូរីស៊ីធី ស្ថិតភូមិក្បាលស្ពាន សង្កាត់/ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងកម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាឃាត់ខ្លួនជនសង្ស័យឈ្មោះ សឹង្ហ ចំណាន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់.ក្រុងប៉ោយប៉ែត ហើយនាំយកទៅសាកសួរតាមចម្លើយសារភាពគឺជនសង្ស័យបានលួចកាច់សករម៉ូតូហើយជិៈយកទៅលក់អោយបុរសម្នាក់អាយុប្រហែល២៦ឆ្នាំក្នុងតំលៃ៣៦.០០០បាតហើយយកទៅបាត់។

លោក នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនសង្ស័យនាំយកសាកសួរហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកទទួលផលចោរកម្មដើម្បីចាត់ការតាមច្បាប់ឲ្យបាន៕

អត្ថបទ៖ ប៉ោយប៉ែត

Share.